ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម​វិជ្ជាជីវៈ នគរបាល​ជំនា​ន់ទី​១៥ លើក​ទី​១ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៦ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នេះ​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថាៈ ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ កងកម្លាំង​នគរបាលជាតិ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល បច្ចុប្បន្ននេះ យើង​អាច​បន្ត​ការបណ្ដុះបណ្ដាល និង​រៀបចំ​ពិធី​នេះ បាន​ដោយសារតែ រាជរដ្ឋាភិបាល បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ លើ​គ្រប់​វិស័យ បន្ទាប់ពី​ប្រទេសជាតិ ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។​

​សម្ដេច​ក្រឡាហោម បានបញ្ជាក់​ថាៈ ជោគជ័យ​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​ស្នាដៃ​ដ៏​ធំធេង​មួយទៀត របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​បំផុត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​បណ្ឌិត្យសភា នគរបាល​កម្ពុជា ក្នុងការ​បំពេញភារកិច្ច ប្រកបដោយ​ជោគជ័យ តាម​ផែនការ​កំណត់ ព្រមទាំង​គាំទ្រ​នូវ​កម្មវិធី​កែទម្រង់ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ដើម្បី​កសាង​វប្បធម៌ គុណភាព ។ សម្ដេច​ក៏បាន​ថ្លែង​កោតសរសើរ និង​អបអរសាទរ​ដល់ ក្មួយៗ​ជា​សិស្ស​នគរបាល ជាតិ ទាំង ១៦០ នាក់ ដែល​បាន​ខិតខំ​សិក្សា​ហ្វឹកហាត់ និង​គោរព​វិន័យ សាលា​បានល្អ រហូត​ទទួលបាន​ជ័យជម្នះ ក្នុងការ​សិក្សា ។ សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួមចំណែក ជាមួយ​ក្រសួងមហាផ្ទៃ ក្នុងការ​អភិវឌ្ឍ បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​សាលា​នគរបាល គ្រប់​ភូមិភាគ​ទាំងអស់ ។​

​សម្ដេច​ក្រឡាហោម បាន​មានមតិ​ផ្តាំផ្ញើ​ដល់ បណ្ឌិតសភា​នគរបាល​កម្ពុជា ឲ្យ​បន្ត​អនុវត្ត កម្មវិធី​កែទម្រង់​របស់ខ្លួន នឹង​បន្ត​កិច្ចសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​បានផ្ដល់ អនុសាសន៍ ដល់​សិស្ស​នគរបាល​ទាំងអស់ ឱ្យ​យក​ចំណេះដឹង និង​ជំនាញ​ដែល​បាន​សិក្សា យកទៅ​ប្រើប្រាស់ ឲ្យ​មាន​ប្រយោជន៍ ដល់​អង្គភាព នៅតាម​មូលដ្ឋាន និង​ដើម្បី​អភិវឌ្ឍ​ន៍ស ង្គ​ម​ជាតិ ឱ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ។ បន្ទាប់មក សម្ដេច​ក្រឡាហោម ក៏បាន​ប្រគល់ វិញ្ញាបនបត្រ​សិក្សា ដល់​សិស្ស​នគរបាល ជ័យលាភី ចំនួន ២០ រូប ។​

​ដោយឡែក នៅក្នុង​ពិធី​នេ​ដែរ សម្ដេច​ក្រឡាហោម បាន​អញ្ជើញ​ទស្សនា ទិដ្ឋភាព​ទូទៅ នៃ​សាលា​នគរបាលជាតិ ភូមិភាគ ៦ និង​ពិនិត្យមើល​ប្លង់​សាងសង់​អាគារ​ស្នាក់នៅ ១ ខ្នង ២​ជាន់ សម្រាប់​សិស្ស​នគរបាល ដែលជា​អំណោយ​របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​ប្លង់​អាគារ ១​ខ្នង​ទៀត ជា​អំណោយ​របស់លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ក៏បាន​ចូលរួម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ នៅក្នុង​សាលា​នគរបាល​ជាតិភូមិ​ភាគ​៦ ដែលជា​អំណោយ​របស់លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង​៕/V