ដោយៈ ប.ខុន / ភ្នំពេញៈ នៅព្រលប់ថ្ងៃទី១៥ ខែមិថុនានេះ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ លើផ្នែកខ្លះ នៃរាជធានីភ្នំពេញ ឯតំបន់ផ្សេងនៃខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ច្រើន។ ក្នុងសប្តាហ៍នេះ នៅរាជធានីភ្នំពេញ មិនឃើញមានសញ្ញាណ ភ្លៀងធ្លាក់ច្រើន ដូចសប្តាហ៍មុននោះទេ ។ ប៉ុន្តែចាប់ពីក្រោយថ្ងៃទី២០ ខែមិថុនា ភ្លៀងធ្លាក់ច្រើន ចាប់ផ្តើមវិលត្រឡប់មកវិញហើយ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែមិថុនាថាៈ សម្រាប់រាជធានីភ្នំពេញ នៅពេលព្រលប់ ថ្ងៃនេះ (១៥មិថុនា) អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ តែតំបន់ផ្សេងនៃខេត្តខ្លះ អាចមានភ្លៀងច្រើន។ នៅរាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ មិនឃើញមានសញ្ញាណ ធ្លាក់ភ្លៀងច្រើន ដូចកាលពីក្នុងសប្តាហ៍ មុននោះទេ។

ជាទូទៅ លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងថាៈ នៅក្នុងសប្តាហ៍នេះ ភ្លៀងមានធ្លាក់រាល់ថ្ងៃ តែមានរបាយមិនស្មើ ចាប់ពីក្រោយថ្ងៃទី២០ មិថុនា ការធ្លាក់ភ្លៀងរាយប៉ាយ ឃើញមានច្រើន មកវិញ រាប់ទាំងនៅរាជធានីផង សម្រាប់ចុងខែនេះ។

ក្រសួងធងធនធានទឹក និងឧតុនិយម​កាលពីថ្ងៃទី១៤ ខែមិថុនា បានជូនដំណឹងស្តីពីការព្យាករ ធាតុអាកាស​ សម្រាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថាៈ ព្រះរាជាណាចក្រកម្ពុជា នៅបន្តទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ កាត់លើភាគខាង ជើង ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុង ល្បឿនមធ្យម ធ្វើឱ្យមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ អំឡុងពេលជាមួយគ្នានោះ ក៏អាចមានផ្នែក នៃបណ្តាខេត្តខ្លះ មានភ្លៀងធ្លាក់ច្រើនដែរ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤ ទៅ ៣៧ អង្សាសេ ។ បណ្តារាជធានី ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នានោះ ក៏អាចមានផ្នែកខ្លះ នៃបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើន។

សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤ ទៅ ៣៦ អង្សា។ អាចមានភ្លៀង ធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមាមានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម៕/V-PC