​ដោយៈ បូកគោ / កំពត​: ការបង្កើត​ធនធាន​មនុ​ស្ តាមរយ​:​សកម្មភាព​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ ដល់​ពលរដ្ឋ​ទូទៅ ជា​ភាពចាំបាច់ ដែល​មិនអាច​ខ្វះ​បាន​។ ប្រទេសជាតិ​មួយ សម្បូរ​ដោយ​ធនធានមនុស្ស ជា​សក្តានុពល​ចម្បង ក្នុង​កិច្ច​អភិវឌ្ឍ និង​កាត់បន្ថយ​ភាពក្រីក្រ សម្រាប់​សង្គម​។ នេះ​ជាការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៥ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស ភូមិភាគ​តេ​ជោ​សែន​កំពត​។​

​ក្នុង​ពិធី​ខាងលើ លោក​អ៊ឹង ឆាយ អភិបាលរង​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ ការបណ្ដុះ បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពិត​ជាមាន​សារសំខាន់ សម្រាប់​បង្កើត​ធនធានមនុស្ស ឈានទៅ​អភិវឌ្ឍ​សង្គមជាតិ និង​ជា​ចំណែក​មួយ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។ ទាំងនេះ គឺ​ស្របតាម​គោលនយោបាយ រាជរដ្ឋាភិបាល ដែល​បានកំណត់ ថា ឆ្នាំ​២០៣០ ខាងមុខ ពលរដ្ឋ​កម្ពុជា នឹងមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​។លោក​អភិបាលរង​ខេត្ត បាន​បន្តថាៈ ការប្រើប្រាស់​បច្ចេកទេស ពិតជា​អាចជួយ​សម្រួល ដល់​ជីវភាព​រស់នៅ កាន់តែ​ងាយស្រួល តាមរយ​:​សម្ភារៈ ឧបករណ៍ និង​កម្មវិធី​ទំនើបៗ ទាន់សម័យ​។ ជំនាញ​ទាំងនេះ ជា​ផ្នែក​មួយ ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ឱ្យ​កាន់តែ​រីកចម្រើន​។​

​លោក អ៊ឹង ឆាយ បានបញ្ជាក់​ថាៈ ដើម្បី​ឆ្លើយតប​គោលដៅ​នេះ រាជរដ្ឋាភិបាល បានដាក់​ចេញ នូវ​វិធាន​សំខាន់ៗ តាមរយៈ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ ដើម្បី​អាច​ទទួលបាន ការងារ​សមរម្យ ហើយ​មាន​ប្រាក់ចំណូល​ខ្ពស់ ពិសេស​ការរៀន​ជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងការ​បង្កើន​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។​

​លោក អ៊ឹង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តកំពត បានបញ្ជាក់​ថាៈ ខេត្តកំពត ត្រូវការ​ធនធានមនុស្ស យ៉ាងច្រើន ដើម្បី​ឆ្លើយតប​នឹង​សក្តានុពល​នានា ដូចជា ផ្នែក​រោងចក្រ ក្រុមហ៊ុន សណ្ឋាគារ កន្លែង​កម្សាន្ត និង​សេវាកម្ម ជាច្រើន​ទៀត​។ ផ្អែកលើ​កត្តា ទាំងនេះ គឺ​ទាមទារ​ឱ្យមាន​ធនធានមនុស្ស ប្រកបដោយ​ចំណេះ​ជំនាញ វិជ្ជាជីវៈ សម្រាប់​បំពេញ​កង្វះខាត នៅតាម​បណ្តា​គ្រឹះស្ថាន​នានា​៕/V​