​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោក​អភិបាលរងក្រុង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការរៀបចំ​សួនច្បារ ច្រាំង​តា​បុល​បន្ថែម ជាប់​នឹង​កំណាត់​ផ្លូវជាតិ​លេខ​១ និង​ពិនិត្យ​ពី​វ​ឌ្ឍ​ភាព​ផ្សេងៗ​ទៀត ដែលជា​ចក្ខុវិស័យ​របស់ លោក​អភិបាលខេត្ត ក្នុងការ​អភិវឌ្ឍ​ខេត្ត ឲ្យ​មានការ​រីកចម្រើន​។​

​នាឱកាស​នោះ លោក ម៉ែន វិបុល បាន​មានប្រសាសន៍ថាៈ ដោយសារតែ​ប្រទេសជាតិ មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ទើប​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ ហើយ​ជាក់ស្តែង ខេត្តស្វាយរៀង ក៏បាន​កែប្រែ​មុខមាត់ លើកកម្ពស់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច ឲ្យ​មាន​សន្ទុះ​ខ្លាំងក្លា​ឡើង តាមរយៈ​ការទាក់ទាញ​អ្នកវិនិយោគ មក​បណ្តាក់ទុន នៅក្នុង​ទឹកដី ខេត្តស្វាយរៀង ជាពិសេស​ក្នុង​ទឹកដី ក្រុង​ស្វាយរៀង មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវថ្នល់​ធំ​ទូលាយ សួនច្បារ​មាត់ទន្លេ ដ៏​ស្រស់បំព្រង ខ្យល់អាកាស​ត្រជាក់ សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​អនាម័យ​ល្អ សេវាកម្ម​ល្អ គួរ​ជាទី​គយគន់​កម្សាន្ត​។ ការរៀបចំ​ក្រាល​ម៉ាប រៀបចំ​ប្រព័ន្ធ ទឹក បំពាក់​ខ្សែបណ្តាញ និង​បង្គោល​ភ្លើង បំភ្លឺ​ពេល​រាត្រី សួនច្បារ ព្រមទាំង​កន្លែង​បំពាក់​សម្ភារ ហាត់ប្រាណ ដែល​សម្រេចបាន ១០០% រួចហើយ ក្នុងនោះ នឹង​បន្តធ្វើ​ច្រាំង​ប៉ែក​ខាងជើង ដល់​គល់ស្ពាន ដើម្បីឱ្យ​ត្រូវ​នឹង​កំណើន​ប្រជាពលរដ្ឋ ពេលបច្ចុប្បន្ន និង​ទៅ​អនាគត ដែល​មកលេង​កម្សាន្ត នៅទីនេះ​។

​សូម​ជម្រាបជូន​ថា ទោះបី​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល​ជាស​កល តែ​ខេត្តស្វាយរៀង នៅតែ​បន្តការងារ​អភិវឌ្ឍន៍ គួរ​ឲ្យ​កត់សម្គាល់ ដោយ​ថ្មីៗ​នេះ រោងចក្រ​ជាច្រើន បាន​បើក ដំណើរការ ជាពិសេស​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ខ្នាត​អន្តរជាតិ ត្រូវបាន​ដំណើរការ ផលិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ទូទាំង​ខេត្តស្វាយរៀង​ផងដែរ​។​

​ខេត្តស្វាយរៀង ក្នុង​អាណត្តិ ដឹកនាំ​ដោយ​លោក ម៉ែន វិបុល លោក​បាន​យកចិត្តទុកដាក់ កសាង​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន នៅក្នុង​ខេត្ត ដែល​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ជាក់ស្តែង ច្រាំងទន្លេ​វ៉ៃ​គោ​នេះ បាន​ចូលរួម លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង និង​បាន​ចូលរួមចំណែក ក្នុងការ​លើកកម្ពស់ សុខមាលភាព​សង្គម ក៏ដូចជា ផ្ដល់នូវ​ទីតាំង​សមស្រប​សម្រាប់​ការ​ទស្សនា ការប្រណាំង​ទូក ជាទី​កម្សាន្ត លំហែ​អារម្មណ៍ និង​ហាត់​កីឡា​របស់​បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយ​មោទនភាព​៕/V