ដោយៈមុនីរ័ត្ន/​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​១៤ ខែមិថុនាស្របតាម​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ផែនការមេ និង​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប​។ នេះ​បើយោងតាម​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​១៥ ខែមិថុនា​ឆ្នាំ២០២២នេះ​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​១៤ ខែមិថុនាស្របតាម​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ផែនការមេ និង​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប​(រូបថតគ.ជ.ប)

សេចក្តីប្រកាសព័ត៌បាន​បញ្ជាក់ថា ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញត្រូវបាន​បែងចែក​ជាប្រាំក្រុម ដោយ​ក្រុម​នីមួយៗ ទទួលបន្ទុក​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​តាម​ឃុំ សង្កាត់ នៃ​ខេត្ត​ចំនួនប្រាំ លើកលែងតែ​ក្រុមទី​៣ ទទួលបន្ទុក​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​តាម​ឃុំ សង្កាត់ នៃ​ខេត្ត​ចំនួន​បួន​និង​សង្កាត់​ទាំងអស់នៃ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល​បន្ថែមថា ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បាន​ចំណាយពេល​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែមិថុនា​ហើយ​ក្រុម​នីមួយៗ​បាន​អនុវត្ត​ការងារ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​របស់ខ្លួន​នៅ​ចំពោះមុខ​តំណាង​គណបក្សនយោបាយ អ្នកសង្កេតការណ៍​បោះឆ្នោត និង​អ្នកសារព័ត៌មាន នៅ​ទីស្ដីការ គ​.​ជ​.​ប ។​

​ជា​លទ្ធផល​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​មិនបាន​រកឃើញ​កំហុស​ណាមួយ​ពាក់ព័ន្ធ​ការ​គណនា​តួលេខ​លទ្ធផល​សំឡេងឆ្នោត​គាំទ្រ​គណបក្សនយោបាយ​នីមួយៗ ដែល​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) បានបញ្ជាក់​ក្នុង​ក្រដាស​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការបោះឆ្នោត​ក្នុង​ឃុំ សង្កាត់ (​ទ​.១១០៥​ធ​ខ​) តារាង​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ឃុំ សង្កាត់ ក្នុង​រាជធានី ខេត្ត (​ទ​.១១១០) និង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត (​ទ​.១១១១) ឡើយ​។ ភាគី​ដែល​ចូលរួម​ជា​សាក្សី​ទាំងអស់​បាន​ឯកភាព និង​ពុំមាន​ការតវ៉ា ឬ​ជំទាស់​អ្វី​នោះទេ​។​

​ការផ្សព្វផ្សាយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ គ​.​ជ​.​ប បានធ្វើ​ឡើង​ដោយ​ផ្អែកលើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ​.១១០២) ដែល​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូនមក ហើយ​ទម្រង់​នេះ ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ គ​.​ជ​.​ប electresult.nec.gov.kh​។​

​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​និង​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​យ៉ាងច្រើន​លើសលប់​នៅតាម​បណ្តា​រាជធានី ខេត្ត ទាំង​២៥ ។ សំឡេង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​គឺ​នាំមុខ​គណបក្សនយោបាយ​ចំនួន ១៦​ផ្សេងទៀត ដែល​បាន​ចួ​ល​រួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​៕សរន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​១៤ ខែមិថុនាស្របតាម​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ផែនការមេ និង​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប​(រូបថតគ.ជ.ប)