ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង កាលពី​ថ្ងៃ​ពុធ​បាន​ធានា​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​អំពី​«​អធិបតេយ្យភាព​និង​សន្តិសុខ​» ដោយ​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ ទង្វើបែបនេះប្រឈម​ការនាំ​ចិន​ទៅ​នៅ​ខាង​«​ភាគី​ខុស​ក្នុង​ប្រវត្តិសាស្ត្រ​»​។​

​ស៊ី ជីន​ភីង​(​ស្តាំ​) ដែល​បាន​ពណ៌នា​លោកពូ​ទីន​ជា​មិត្ត​ចាស់ បាន​អញ្ជើញ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​អោយ​ចូលរួម​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ច​ក្រុង​ប៉េកាំង​កាលពី​ដើមខែ​កុម្ភៈ​នៅពេល​​តែ​ប៉ុន្មាន​ថ្ងៃមុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​ពិសេស​ចូល​អ៊ុ​យក្រែន​

​កន្លង​មក​ចិន​មិន​ព្រម​ថ្កោលទោស​ការវាយប្រហារ​ដោយ​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូលើ​អ៊ុយ​ក្រែ​ន​និង​ត្រូវបាន​ចោទប្រកាន់​ថា​ផ្តល់​ការគាំទ្រ​ការទូត​សំរាប់​រុស្ស៊ី​ដោយ​​វាយប្រហារ​រិះគន់​ទណ្ឌកម្ម​លោកខាងលិច​និង​ការលក់​សព្វាវុធ​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​។​

​ទូរទស្សន៍​រដ្ឋ​CCTV​បាន​រាយការណ៍​សម្តីរ​បស់​លោក​ស៊ី​ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ពូ​ទីន​ដែលថា​«​ចិន​មាន​បំណង​បន្ត​ផ្តល់​ការគាំទ្រ​ទៅវិញទៅមក​(​ដល់​រុស្ស៊ី​)​លើ​បញ្ហា​​ពាក់ព័ន្ធ​នឹង​ផលប្រយោជន​ន៍​ស្នូល​និង​ការព្រួយបារម្ភ​ធំៗ ដូច​ជា​អធិបតេយ្យភាព ព្រមទាំង​សន្តិសុខ​»​។​

​វា​ជា​ការសន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​ពីរ​រវាង​មេដឹកនាំ​ទាំង​ពីរ​ចាប់តាំងពី​លោក​ពូទីន​ចាប់ផ្តើម​បញ្ជា​ទ័ព​វាយប្រហារ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​។​

​យោងតាម​CCTV​ លោក​ស៊ី​បាន​សរសើរ​«​សម្ទុះ​អភិវឌ្ឍ​ដ៏​ល្អ​»​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ក្នុងពេល​ប្រឈម​នឹង​ចលាចល​និង​ការផ្លាស់ប្តូរ​សកល​»​និង​​បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មានបំណង​«​ពង្រឹង​ការសម្របសម្រួល​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​»។

​ចំណែក​រដ្ឋាភិបាលវិមា​ក្រឹ​មឡាំង​បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច​ក្នុងពេល​ប្រឈម​នឹង​ទណ្ឌកម្ម​«​ខុសច្បាប់​»​របស់​លោក​ខាង​​លិច​។​វា​បាន​និយាយថា «​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ពង្រីក​កិច្ច​សហការ​ក្នុង​វិស័យ​ថាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម គមនាគមន៍​និង​វិស័យ​ដទៃ​ទៀត ដោយ​គិតគូរ​​អំពី​សភាពការណ៍​សេដ្ឋកិច្ច​សកល​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​ដោយសារតែ​គោលនយោបាយ​ទណ្ឌកម្ម​ខុស​ច្បាប់​របស់​លោក​ខាងលិច​»​។​

​តែ​សហរដ្ឋ​អាម៉េរិក​បាន​ហក់​ចូល​លូក​សម្តី​ភ្លាម​ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បង្ហាញ​ការចូល​ដៃ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​​បាន​និយាយថា «ចិន​អះអាងថា ខ្លួនអព្យាក្រិត​តែ​ការប្រព្រឹត្ត​របស់​ខ្លួន​បង្ហាញ​ច្បាស់​ថា​ចិន​នៅ​តែ​ជាប់ជំពាក់​នឹង​ទំនាក់​ទំ​នង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​»​។​

​មន្ត្រី​រូប​នេះ​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​តោន​«​កំពុង​តាមដាន​សកម្មភាព​របស់​ចិនយ៉ាង​ដិតដល់​» រួម​មាន​របៀប ដែល​មហាអំណាច​អាស៊ី​មួយ​នេះ​«​នៅ​តែ​ស្រែក​​ឃោសនា​អោយ​រុស្ស៊ី​​នៅ​ជុំវិញ​ពិភពលោក​»​និង​បង្ហាញ​គេឯង​ថា «អំពើ​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែនជា​ការរៀបចំ​។​ប្រទេស​ណា​ដែល​នៅ​ខាង​វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ឃើញ​ខ្លួន​ឯង​ស្ថិត​នៅ​ខាង​ភាគី​ខុស​នៃ​ប្រវត្តិសាស្ត្រ​ដោយ​ជៀស​មិន​ផុត​»​ឡើយ។​

​សូមបញ្ជាក់​ថា លោក​ខាងលិច​បាន​ដាក់​ចេញ​វិធានការ​ទណ្ឌកម្ម​ធំធេង​មិន​ធ្លាប់​មាន​ប្រឆាំង​រុស្ស៊ី ជា​ការសង​សឹក​ទៅ​នឹង​ការឈ្លានពាន​អ៊ុ​យក្រែន និង​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​​គិត​ថា​អាម៉េរិក​និង​អឺរ៉ុប​បង្ក​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូក៏​កំពុងសម្លឹង​រក​ទីផ្សារ​ថ្មី​ដើម្បី​ជំនួស​ក្រុមហ៊ុន​បរទេស​ធំៗ​ដែល​បាន​ចាកចេញ​ពី​រុស្ស៊ី​ក្រោ​​យ​ការឈ្លានពាន​។​

​អាម៉េរិក​និង​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា ការគាំទ្រ​ណាមួយ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចំពោះ​សង្គ្រាម​រុស្ស៊ី ឬ​ជួយ​រុស្ស៊ី​អោយ​គេច​ពី​ទណ្ឌកម្ម នឹង​ធ្វើអោយ​ខូចខាត​ទំ​នាក់​​ទំនង​៕