ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូដើម្បីជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី ៣០ ខែមិថុនា។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍កាលពីយប់ថ្ងៃអង្គារទី១៥មិថុនានៅក្នុងសារមួយបញ្ជូនពីទីក្រុងមូស្គូ ដោយស្រង់ប្រភពវិមានក្រឹមឡាំង យ៉ាងដូច្នេះថា “នេះនឹងក្លាយជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុត” ហើយរដ្ឋាភិបាលរុស្ស៊ីកំពុង “ត្រៀមរួចជាស្រេចសម្រាប់វាឥឡូវនេះ”។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ

របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែដំណើរទស្សនកិច្ចនេះអាចនឹងផ្សារភ្ជាប់ទៅនឹងកិច្ចប្រជុំកំពូលក្រុម G-20 ដែលប្រធានាធិបតីឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកានៅលើកោះរមណីយដ្ឋាន បាលី។

ឥណ្ឌូណេស៊ីបានអញ្ជើញលោកពូទីនក៏ដូចជាប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកចូលរួមកិច្ចប្រជុំកំពូលនេះ បើទោះបីជាប្រទេសអឺរ៉ុបខាងកើតដែលរងការវាយប្រហារដោយសង្រ្គាមនេះ មិនមែនជាសមាជិក G-20 ក៏ដោយ។ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការចូលរួមរបស់ពួកគេ។

នៅពេលសួរអំពីរបាយការណ៍របស់ Tass ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ីនិយាយថា “មិនទាន់មានព័ត៌មានអំពីរឿងនេះទេ”។

សមាជិក G-20 មួយចំនួនបានព្យាយាមរារាំងការចូលរួមរបស់រុស្ស៊ីនៅក្នុងក្រុមនេះ បន្ទាប់ពីមានការឈ្លានពានផ្នែកយោធារបស់ខ្លួននៅអ៊ុយក្រែន។

ក្នុងចំណោមសមាជិក G-20 ប្រទេសដែលស្ថិតក្នុងក្រុមប្រទេស G-7 បានដាក់ទណ្ឌកម្មមួយចំនួនដើម្បីដាក់រុស្ស៊ីឯកោពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរបស់ខ្លួន និងដកធនាគារផ្តល់ប្រាក់កម្ចីរុស្ស៊ីសំខាន់ៗមួយចំនួនពីបណ្តាញទូទាត់អន្តរជាតិដ៏សំខាន់។

ផ្ទុយទៅវិញ ប្រេស៊ីល ចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង ដែលរួមជាមួយនឹងរុស្ស៊ី បានបង្កើតវេទិកា BRICS នោះ បានគាំទ្រការចូលរួមរបស់ទីក្រុងមូស្គូក្នុងការកិច្ចប្រជុំ G-20៕