ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃពុធទី១៥មិថុនា បានប្រកាសថា លោកនឹងផ្តល់ជំនួយផ្នែកយោធាមួយពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន បន្ទាប់ពីមេដឹកនាំរបស់ខ្លួនបានអង្វរសុំគ្រាប់បន្ថែមទៀតដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

មនុស្សដែលដឹងអំពីកញ្ចប់ជំនួយនេះបាននិយាយថា កញ្ចប់ជំនួយចុងក្រោយបង្អស់នេះនឹងរួមបញ្ចូលប្រព័ន្ធមីស៊ីលប្រឆាំងនាវា គ្រាប់សម្រាប់កាំភ្លើងធំ និងគ្រាប់សម្រាប់កាំភ្លើងធំស្វ័យប្រវត្តិ។

ឥឡូវសហរដ្ឋអាម៉េរិកបានផ្តល់ជំនួយផ្នែកយោធាជាង ៥,៥ ពាន់លានដុល្លារហើយចាប់តាំងពីរុស្ស៊ីបានឈ្លានពានជាង ១១០ ថ្ងៃមុន

នេះមានន័យថាឥឡូវសហរដ្ឋអាម៉េរិកបានផ្តល់ជំនួយផ្នែកយោធាជាង ៥,៥ ពាន់លានដុល្លារហើយចាប់តាំងពីរុស្ស៊ីបានឈ្លានពានជាង ១១០ ថ្ងៃមុន។

រឿងនេះកើតឡើងបន្ទាប់ពីសង្រ្គាមបានឈានចូលដំណាក់កាលថ្មីមួយ ដោយក្រុមមន្ត្រីអ៊ុយក្រែនបានព្រមានថា ពួកគេកំពុងជួបការលំបាកក្នុងការបាញ់គ្រាប់ផ្លោងទល់នឹងគ្រាប់ផ្លោងជាមួយរុស្សីក្នុងសង្គ្រាមបាញ់គ្រាប់រ៉ុក្កែតនិងកាំភ្លើងធំពីចម្ងាយឆ្ងាយ។

គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានជូនដំណឹងទៅប្រធានាធិបតីហ្សេលេនស្គីថា សហរដ្ឋអាម៉េរិកកំពុងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន១ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងកាំភ្លើងធំនិងអាវុធការពារឆ្នេរសមុទ្រ ក៏ដូចជាគ្រាប់សម្រាប់កាំភ្លើងធំនិងប្រព័ន្ធរ៉ុក្កែតទំនើប ដែលអ៊ុយក្រែនត្រូវការដើម្បីគាំទ្រដល់ប្រតិបត្តិការការពាររបស់ពួកគេនៅក្នុងតំបន់ដុនបាស”។

មន្ទីរបញ្ចកោណបាននិយាយថា កញ្ចប់ចុងក្រោយរួមមានប្រព័ន្ធការពារឆ្នេរ Harpoon ចំនួនពីរ កាំភ្លើងធំស្វ័យប្រវត្តិចំនួន ១៨ គ្រឿង គ្រាប់កាំភ្លើងធំចំនួន ៣៦.០០០ គ្រាប់សម្រាប់កាំភ្លើងធំស្វ័យប្រវត្តិ គ្រាប់រ៉ុក្កែត វិទ្យុទាក់ទងសុវត្ថិភាព ឧបករណ៍មើលឃើញពេលយប់រាប់ពាន់គ្រឿង និង ប្រាក់សម្រាប់ការហ្វឹកហាត់ទ័ព៕