ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន បាន​ចូលរួម ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «TVET បង្កើន​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​»​។ ក្នុង​ពិធី​នេះ មានការ ផ្សព្វផ្សាយ​ជាច្រើន ពី​សៀវភៅ និង​បញ្ចាំង​វីដេអូ អប់រំ​ពី​បរិស្ថាន​។​

​គួរ​បញ្ជាក់ថា ក្រសួងបរិស្ថាន បាន​ចូលរួម​ជាមួយ បណ្តា​ក្រសួង​-​ស្ថាប័នរដ្ឋ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ជាច្រើន​ទៀត បានរៀបចំ ជា​ស្តង់​ដាក់​បង្ហាញ ដើម្បី​ផ្តល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​វិស័យ​បរិស្ថាន ដោយមាន​ចែកជូន សៀវភៅ​កម្ពុជា​មាតុភូមិ​ខ្ញុំ សម្បត្តិ​ធម្មជាតិ ទស្សនា​វ​ដ្តី​បរិស្ថាន ឯកសារ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន ហើយក៏​មាន បញ្ចាំង​វីដេអូ អប់រំ​ពី​បរិស្ថាន ដល់​សិស្ស និស្សិត និង​សាធារណជន​ទូទៅ ដែល​បាន​ចូលរួម​។​

​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រារព្ធ​ឡើង នៅ​មជ្ឍមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម កោះ​ពេជ្រ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ រៀបចំឡើង​ដោយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ និង​មានការ​ចូលរួម សហការ​គាំទ្រ​ពី ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល សាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​នេះ​ជា​លើក​ទី​៥ នៃ​ការរៀបចំ​ទិវា ដ៏​មហា​ឱ​ឡោ​រិ​ក​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក ថ្ងៃទី​១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ តាម​អនុ​ក្រឹ​ត​លេខ ១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់ ការអប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ផ្សព្វផ្សាយ ទៅដល់​សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន ឱ្យបាន​យល់ដឹង​អំពី​សារៈសំខាន់ នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការជំរុញ​ការអភិវឌ្ឍ កម្លាំង​ពលកម្ម​ជំនាញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ឱ្យ​ឆ្លើយតប​ទៅ នឹង​តម្រូវការ​ទីផ្សារការងារ ក្នុងស្រុក និង​ក្រៅ​ស្រុក​។​

​គួរ​បញ្ជាក់ថា ស្តង់​ពិព័រណ៍​របស់​ក្រសួងបរិស្ថាន ដែលមាន​អគ្គនាយកដ្ឋាន ចំណុះ​ក្រសួង​ទាំង ៥​ចូលរួម បានដាក់​តាំង​បង្ហាញ អំពី​កិច្ចការងារ​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវៈចម្រុះ និង​ការអប់រំ​ផ្សព្វផ្សាយ​បរិស្ថាន ផងដែរ​៕/V​-PC