ដោយៈ ទេព មង្គល / ភ្នំពេញៈ ខ្សែភាពយន្ត ចំនួន ១៤៤ ចំណងជើង មកពី ២៦ ប្រទេស នឹង​ចាក់​បញ្ចាំង ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ ( CIFF ) ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ដល់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ នៅតាម​បណ្ដា​រោងភាពយន្ត​ធំៗ និង​ទីកន្លែង​ល្អៗ ជាច្រើន​ទៀត នៅក្នុង​រាជធានី ភ្នំពេញ ដោយ​ឥតគិតថ្លៃ ក្នុង​គោលបំណង បង្ហាញ​ពី​ការអប់រំ ទាក់ទង​នឹង​ទន្លេ វប្បធម៌ ភាសា​របស់​ជនជាតិដើម​ភាគតិច ទាំង​នៅក្នុង ប្រទេស​កម្ពុជា និង​នៅ ក្រៅប្រទេស​។​

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ នឹង​រៀប​ចំការ​បញ្ចាំង ជាង ១៦០ លើក និង​កម្មវិធី​ជួបជុំ​ផ្សេងៗ រួមមានៈ ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​វែង ភាពយន្ត​ឯកសារ និង​គំនូរជីវចល នៅតាម​បណ្ដា​រោងភាពយន្ត​ធំៗ និង​ទីកន្លែង​ល្អៗ ជាច្រើន​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា រោងភាពយន្ត Legend Cinema , Major Cineplex , Prime Cineplex , វិទ្យាស្ថាន​បារាំង​, មជ្ឈមណ្ឌល​បុប្ផា​ណា សាលចតុម្មុខ​, Rosewood Hotel , Java Creative Cafe និង Factory Phnom Penh ។​

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ អាច​ប្រព្រឹត្តទៅបាន គឺ​ដោយសារ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានធ្វើ​ការងារ ដោយ​គិតពី​ការ មិន​នឿយហត់ ដើម្បី​ស្ដារឡើងវិញ នូវ​សុវត្ថិភាព និង​ទីកន្លែង សម្រាប់​សិល្បៈ​។

​សម្រាប់​ខ្សែភាពយន្ត​កម្ពុជា -​ខ្សែភាពយន្ត ដែល​ផលិត​នៅ​កម្ពុជា និង​និយាយ អំពី​កម្ពុជា រួមមាន ការ​បញ្ចាំង​ជា​លើកដំបូង ខ្សែភាពយន្ត​កម្ពុជា​ល្បីៗ ដូចជា រឿង «​គ្រប់យ៉ាង​នឹង ប្រសើរ​» របស់លោក ប៉ាន់ រិទ្ធី (​ជាប់​ពានរង្វាន់​ខ្លាឃ្មុំ​ប្រាក់ នៅ​មហោស្រព​ភាពយន្ត ទីក្រុង​ប៊ែ​រ​ឡាំង ២០២២) នឹង​រឿង «​គ្រួសារ​» (​ដែល​បាន ចាក់​បញ្ចាំង នៅ​មហោស្រព​កាន​ផ្នែក​ភាពយន្ត​ឯករាជ្យ​) នឹង​រឿង «​ប៊ូ​ឌី​ញ​ស​» របស់លោក នាង កា​វិច (​ជាប់​ពានរង្វាន់ នៅ​មហោស្រព​ភាពយន្ត ទីក្រុង​វ៉ឺ​នី​ស​) ហើយ​និង​រឿង​ថ្មីៗ របស់​ផលិតកម្ម LD Pictures «​លោកប៉ា​មហា​កូរ​»​និង​រឿង «​នាឡិកា (remastered)» ។​

​ពិសេស​ទៅទៀត មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ ក៏មាន​គម្រោង ត​ភ្ជាប់ ទំនាក់ទំនង​ជាមួយ សមិទ្ធ​ករ​ភាពយន្ត​ខ្មែរ នៅ​បរ​ទស​ផងដែរ ហើយ​នៅ ក្នុងឆ្នាំនេះ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ មាន​ក្ដី​សោមនស្ស រីករាយ នាំយក កញ្ញា អា​លី សុន​ឆន ដែលជា​សិល្បការិនី កម្ពុជា​-​អូស្ត្រាលី និង​ជាស​មិទ្ធ​ករ​ភាពយន្ត ដែល​នឹង​មក​បង្ហាញ ស្នាដៃ​របស់​នាង ជា​លើកទីមួយ នៅ​កម្ពុជា ក្នុងនោះ ក៏មាន​ខ្សែភាពយន្ត ដែល​នាង​បានទទួល ពានរង្វាន់ គឺ​រឿង «​ផ្ទះ​កៅស៊ូ​» ។ មហោស្រព​ភាពយន្ត​នេះ នឹង​បង្ហាញ​ស្នាដៃ​របស់​សមិទ្ធ​ករ ភាពយន្ត​ខ្មែរ វ័យក្មេង​ជាង ៥០ នាក់ ដែល​បានទទួល​ការបណ្ដុះបណ្ដាល នៅ​មជ្ឈមណ្ឌល បុប្ផា​ណា​ផងដែរ ។​

​ចំណែកឯ ខ្សែភាពយន្ត​ឯកសារ ខ្នាត​វែង ឆ្នាំនេះ រួមមាន ការចាក់​បញ្ចាំង លើកដំបូង​ដ៏​ពិសេស របស់ ANGKOR: THE LOST EMPIRE (Australia) នៅក្នុង IMAX 3D, រឿង «​វិទ្យុសកម្ម​» របស់លោក ប៉ាន់ រិទ្ធី ដែល​ទទួលបាន​ពានរង្វាន់ IDFA នៅ​វៀតណាម​ទៀតផង និង​រឿង «​កុមារ​នៅក្នុង​អ័ព្ទ​» របស់​កញ្ញា Hâ Le Diem មកពី​វៀតណាម​។ មហោស្រព​នេះ ក៏​នឹង​បង្ហាញ ខ្សែភាពយន្ត​ដំបូងៗ​របស់លោក ជែ​ម ជឺ​រ៉ា​ន់ គឺ​រឿង «​ទន្លេមេគង្គ​ក្រោម​» និង​រឿង «​ខ្មែរ ! ខ្មែរ​» ដែល​ឆ្លុះបញ្ចាំង​រូបភាព ដ៏​កម្រ អំពី​ប្រទេស​ឡាវ និង​កម្ពុជា នៅ​ដើមឆ្នាំ​១៩៧០ ។​

​មហោស្រព​ភាពយន្ត​នេះ នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​អូស្ត្រាលី ដោយ​ផ្តោតលើ​ប្រទេស​អូស្ត្រាលី ក្នុងឆ្នាំនេះ ។ ភាពយន្ត​ដ៏​កម្រ មកពី​អូស្ត្រាលី ចំនួន ១៦ រឿង ដែល​ផលិត​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ ២០២២ នឹងត្រូវ​បាន​ចាក់​បញ្ចាំង នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ នេះ​។​

​សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ភាពយន្ត និង​វប្បធម៌ ធំជាងគេ​បំផុត នៅ​កម្ពុជា ដោយបាន​ចាប់ផ្ដើម នៅ​ឆ្នាំ​២០១០ ។ មហោស្រព​នេះ គឺជា​កត្តា​លី​ករ​មួយ សម្រាប់​វិស័យ​ភាពយន្ត ដោយបាន​ប្រមូល ផ្ដុំ​ទស្សនិកជន ជាង ២០.០០០ នាក់ ជា​រៀងរាល់ឆ្នាំ ។ មហោស្រព​នេះ ក៏​ជា​ស្ពាន មួយ ភ្ជាប់​កម្ពុជា ទៅកាន់​ពិភពលោក តាមរយៈ​លក្ខណៈ​សាកល នៃ​ភាសា​របស់ ភាពយន្ត និង​វប្បធម៌ ដើម្បី​លើកស្ទួយ​ចរាចរ ភាពយន្ត នៅក្នុង​តំបន់ និង​ផ្សព្វផ្សាយ ពី​ផលិតកម្ម​ភាពយន្ត​កម្ពុជា​៕/V​-PC