ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ធនាគារកណ្តាលអាម៉េរិកបានប្រកាសពីការដំឡើងអត្រាការប្រាក់ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះ ខណៈខ្លួនបង្កើនការប្រយុទ្ធទប់ទល់នឹងការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់។

ធនាគារកណ្តាលបាននិយាយថា ខ្លួននឹងបង្កើនអត្រាការប្រាក់សំខាន់របស់ខ្លួនចំនួនបីភាគបួនពោលគឺចន្លោះពី ១,៥ ភាគរយទៅ ១,៧ ភាគរយ។

ការដំឡើងនេះគឺធ្វើឡើងជាលើកទីបីហើយចាប់តាំងពីខែមីនាមក បន្ទាប់ពីអតិផរណានៅសហរដ្ឋអាម៉េរិកបានកើនឡើងខ្ពស់មិននឹកស្មានដល់កាលពីខែមុន។

ប្រធាន​ធនាគារ​កណ្តាល​អាម៉េរិកកំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខណៈ​តម្លៃ​ទំនិញឡើង​ថ្លៃ​លឿន

ការដំឡើងកាន់តែច្រើនទៀតត្រូវគេរំពឹងថានឹងធ្វើឡើង ដោយរឹតបន្ថែមភាពមិនច្បាស់លាស់ដែលសេដ្ឋកិច្ចអាម៉េរិកកំពុងប្រឈម។

ការព្យាករណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ បានបង្ហាញថា ក្រុមមន្ត្រីរំពឹងថា អត្រា ដែលធនាគារកណ្តាលគិតពីធនាគារពាណិជ្ជដើម្បីខ្ចីលុយ អាចឈានដល់ ៣,៤ ភាគរយនៅចុងឆ្នាំនេះ ដែលវាជាចំណាត់ការមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជនក្នុងទម្រង់នៃការចំណាយលើការខ្ចីប្រាក់ខ្ពស់សម្រាប់ការបញ្ចាំ បណ្ណឥណទាន និងប្រាក់កម្ចីផ្សេងទៀត។

ខណៈធនាគារកណ្តាលនៅជុំវិញពិភពលោកនាំគ្នាចាត់វិធានការស្រដៀងគ្នានេះ វាកត់សម្គាល់ពីការផ្លាស់ប្តូរដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក ជាទីដែលអាជីវកម្មនិងគ្រួសារទាំងឡាយបានរីករាយជាមួយនឹងការចំណាយលើការខ្ចីប្រាក់ទាបអស់ជាច្រើនឆ្នាំ។

លោក ហ្គ្រេហ្គោរី ដាកូ (Gregory Daco) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ EY-Parthenon បាននិយាយថា “ធនាគារកណ្តាលរបស់បណ្តាសេដ្ឋកិច្ចជឿនលឿនភាគច្រើននិងធនាគារកណ្តាលរបស់បណ្តាទីផ្សារកំពុងរីកចម្រើនមួយចំនួន កំពុងរឹតបន្តឹងគោលនយោបាយស្របគ្នា”។

“នោះគឺជាបរិយាកាសសកលដែលយើងមិនធ្លាប់ជួបប្រទះក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយវានឹងតំណាងឱ្យផលប៉ះពាល់សម្រាប់វិស័យអាជីវកម្ម និងសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក”៕