ដោយៈ ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​អាង​រក្សា​ទឹក​ទុក សម្រាប់​បម្រើ​ដល់ ការងារ​សាង សង់​ស្តូប ឈ្នះ​ឈ្នះ​អ​ង្ល​ង់​វែង នៅលើ​ចំរាក់​ភ្នំ​២០០ ដែលជា​អំណោយ ផ្ទាល់ របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រួចរាល់​ជា ស្ថាពរ​ហើយ​។​

​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ការងារ​សាងសង់ អាងទឹក​តូចៗ ចំនួន​២ ដោយ​ប្រើប្រាស់​ថវិកា ផ្ទាល់ខ្លួន របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក សម្រាប់​រក្សា​ទឹក​ទុក​ប្រើប្រាស់ នៅ​តំបន់​ស្តូប​ឈ្នះ​ឈ្នះ អន្លង់វែង ដោយ​សាងសង់ នៅ​ចំរាក់​ភ្នំ ២០០ ដោយ​យក​តួ​ទំនប់​ធ្វើ ជា​ផ្លូវ និង​ទ្វារ​ទឹក ធ្វើជា​ស្ពាន សម្រាប់​ឡើងទៅ​សាងសង់​ស្តូប បាន​រួចរាល់​ហើយ​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹក​ដែល​រក្សាទុក​បាន នៅក្នុង​អាង​ទាំងពីរ សម្រាប់​ផ្គត់ផ្គង់ ដល់​តំបន់ភ្នំ​២០០ ដែលមាន​កងទ័ព​ឈរជើង មិនមាន​ប្រជាជន រស់​នៅទេ​។ ទឹក​រក្សាទុក​បាន នៅក្នុង​អាង​ដែល​សាងសង់ឡើង នៅលើ​ចំរាក់​ភ្នំ​នេះ សម្រាប់​ប្រើប្រាស់ ប្រចាំថ្ងៃ នៅ​ស្ដូប​ឈ្នះ​ឈ្នះ​អន្លង់វែង ស្ថិតនៅលើ​ភ្នំ​២០០ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​កំពុងដំណើរការ​សាងសង់​។​

​ទំហំ​ការងារ​ធ្វើ​នៅ​ទំនប់​ទី​១ រួមមាន ទំនប់​ដី​បណ្ដោយ​ប្រវែង ២០០ ម៉ែត្រ ទទឹង​ប្រវែង ១០ ម៉ែត្រ និង​កម្ពស់ ៥,៥ ម៉ែត្រ​, សំណង់​ទ្វារ​ទឹក ១​កន្លែង បណ្ដោយ ប្រវែង ២១,៨០ ម៉ែត្រ និង​ទទឹង​ប្រវែង ១៤,៣០ ម៉ែត្រ​។ ទំនប់​ទី​២ មាន​ទំនប់​ដី បណ្ដោយ​ប្រវែង ២០ ម៉ែត្រ ទទឹង​ប្រវែង ៨​ម៉ែត្រ និង​កម្ពស់ ៦​ម៉ែត្រ​, សំណង់​បង្ហៀរ មួយកន្លែង បណ្ដោយ​ប្រវែង ១៨​ម៉ែត្រ និង​ទទឹង​ប្រវែង​១២​ម៉ែត្រ​, ស្ដារ​ពង្រីក​ផ្ទៃ​អាង មាន​ទំហំ បណ្ដោយ​ប្រវែង ៥០ ម៉ែត្រ ទទឹង​ប្រវែង ៥០ ម៉ែត្រ និង​ជម្រៅ ២​ម៉ែត្រ ៕/V​-PC