ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ អស់ជាច្រើនទសវត្សរ៍មកហើយដែលឧស្សាហកម្មអឺរ៉ុបបានពឹងផ្អែកលើរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នធម្មជាតិដែលមានតម្លៃទាប ដែលធ្វើឱ្យរោងចក្រនៅទ្វីបនេះមានភាពរីកចម្រើន។

ឥឡូវនេះ ការចំណាយលើថាមពលឧស្សាហកម្មរបស់អឺរ៉ុបកំពុងកើនឡើង បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរារាំងដល់សមត្ថភាពរបស់រោងចក្រផលិតរបស់អឺរ៉ុបក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

រោងចក្រនានាកំពុងព្យាយាមស្វែងរកជម្រើសផ្សេងជំនួសថាមពលរបស់រុស្ស៊ី ក្រោមការគំរាមកំហែងថាទីក្រុងមូស្គូអាចនឹងបិទបំពង់ហ្គាសភ្លាមៗ ដែលនាំឱ្យផលិតកម្មត្រូវផ្អាក។

រោងចក្រផលិតសារធាតុគីមី ជីរកសិកម្ម ដែក និងទំនិញប្រើប្រាស់របស់អឺរ៉ុប បានស្ថិតក្រោមសម្ពាធក្នុងរយៈពេលប្រាំបីខែចុងក្រោយនេះ ខណៈភាពតានតឹងជាមួយរុស្ស៊ីបានកើនឡើងខ្ពស់នៅមុនការលុកលុយកាលពីខែកុម្ភៈ។

រោងចក្រផលិតមួយចំនួនកំពុងបិទទ្វារនៅចំពោះមុខការប្រកួតប្រជែងពីរោងចក្រនៅសហរដ្ឋអាម៉េរិក មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត ជាទីដែលតម្លៃថាមពលគឺទាបជាងនៅអឺរ៉ុប។

រោងចក្រមួយនៅទីក្រុង Le Havre របស់បារាំង កាត់បន្ថយការផលិតអាម៉ូញ៉ាក់ ដោយសារតម្លៃហ្គាសខ្ពស់ពេក

ឥឡូវនេះ តម្លៃ​ឧស្ម័ន​ធម្មជាតិនៅអឺរ៉ុប​បានកើនឡើង​ខ្ពស់​ជាង​នៅសហរដ្ឋអាម៉េរិកដល់ទៅ​បី​ដងឯណោះ​។

លោក ម៉ាកូ មិនស៊ីង (Marco Mensink) អគ្គនាយកក្រុមហ៊ុន Cefic ដែលជាក្រុមហ៊ុនពាណិជ្ជកម្មគីមី-ឧស្សាហកម្មរបស់អឺរ៉ុប បាននិយាយថា “សរុបមក ការព្រួយបារម្ភដ៏ធំសម្រាប់អឺរ៉ុប គឺ កើនការនាំចូល និង ថយចុះការនាំចេញ”។

ជម្លោះ​ជាមួយ​រុស្ស៊ី​បានធ្វើ​ឱ្យអឺរ៉ុប​រៀបចំ​លៃលកឧស្ម័ន ក្នុងករណីដែលប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បិទ​ការផ្គត់ផ្គង់​ដល់​តំបន់អឺរ៉ុប​ទាំងមូល​។

ក្រុមហ៊ុនឧស្ម័នធម្មជាតិរបស់រដ្ឋរុស្ស៊ី Gazprom PJSC បានកាត់ផ្តាច់ប្រទេសប៊ុលហ្គារី ហ្វាំងឡង់ និងប៉ូឡូញចេញពីការផ្គត់ផ្គង់រួចទៅហើយ បន្ទាប់ពីប្រទេសទាំងនេះបដិសេធមិនព្រមទទួលយកក្រឹត្យរបស់វិមានក្រឹមឡាំង ដែលទាមទារឱ្យបង់ជាប្រាក់រូប្លិ៍សម្រាប់ឧស្ម័ន។

គិតត្រឹមឆ្នាំមុន រុស្ស៊ីបានផ្គត់ផ្គង់ប្រហែល ៤០ ភាគរយនៃឧស្ម័នធម្មជាតិដល់សហភាពអឺរ៉ុប។

តម្លៃថាមពលខ្ពស់របស់អឺរ៉ុបត្រូវបានព្យាករណ៍ថានឹងបន្តដាក់សម្ពាធលើផលិតកម្មឧស្សាហកម្មនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុបទាំងមូលនៅឆ្នាំនេះ។

ក្រុមសេដ្ឋវិទូនៅគណៈកម្មការអឺរ៉ុបរំពឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងធ្លាក់ចុះនៅក្នុងត្រីមាសទីពីរក្រោមសម្ពាធពីតម្លៃថាមពលខ្ពស់។

អាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អឺរ៉ុប ក៏ជាប្រទេសទិញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់រុស្ស៊ីផងដែរ។

អ្នកប្រើប្រាស់នៅទូទាំងអឺរ៉ុបក៏ទំនងមិនរួចខ្លួននោះដែរ ខណៈតម្លៃថាមពលខ្ពស់កំពុងជ្រៀបចូលក្នុងតម្លៃទំនិញនានានៅទូទាំងបណ្តាសេដ្ឋកិច្ចទាំងអស់ ដោយកាត់បន្ថយអំណាចទិញរបស់ពួកគេ។

ការបញ្ឈប់ការផ្គត់ផ្គង់របស់រុស្ស៊ីនឹងបណ្តាលឱ្យឧស្សាហកម្មអឺរ៉ុបមានគុណវិបត្តិក្នុងការប្រកួតប្រជែងរយៈពេលវែង លុះត្រាតែរោងចក្រផលិតទាំងអស់អាចដាក់ពង្រាយបច្ចេកវិជ្ជាថ្មីៗ ដែលនឹងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់ពួកគេយ៉ាងខ្លាំងបំផុត។

ប៉ុន្តែក្រុមនាយកប្រតិបត្តិជាច្រើនរូបបាននិយាយថា បច្ចេកវិជ្ជាដូចជា ការប្រើប្រាស់ថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្តល់ថាមពលដល់រោងចក្រគីមីឬអ៊ីដ្រូសែនដើម្បីផលិតដែក គឺប្រើពេលច្រើនឆ្នាំណាស់ទើបអាចក្លាយជាអាជីវកម្មដែលអាចដំណើរការបាន ហើយត្រូវការការវិនិយោគដ៏ច្រើនសម្បើម។

រោងចក្រផលិតកម្មនានាគឺពឹងផ្អែកលើឧស្ម័នធម្មជាតិ ទាំងជាប្រភពថាមពលនិងជាវត្ថុធាតុដើមក្នុងការផលិត។ នៅទ្វីបអឺរ៉ុប ឧស្ម័នធម្មជាតិជាធម្មតាគឺជាកត្តាកំណត់តម្លៃអគ្គិសនី ដូច្នេះប្រសិនបើឧស្ម័នឡើងថ្លៃ ភ្លើងក៏ឡើងថ្លៃដែរ។

អាម៉ូញាក់គឺជាផលិតផលដែលរសើបបំផុត ដែលមានចំណែកប្រហែល ៧០ ភាគរយនៃឧស្ម័នដែលអឺរ៉ុបប្រើប្រាស់ជាវត្ថុធាតុដើម។ ភាគច្រើននៃអាម៉ូញាក់គឺប្រើដើម្បីផលិតជីរកសិកម្ម៕