​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទ ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ បាន​ចាត់​ឱ្យ​លោក ជិន ប៊ុនធឿន នាយក​ប្រតិ ប​ត្តិ​សាខា ជា​តំណាង នាំយក សំលៀកបំពាក់ មួក ស្បែកជើង សម្រាប់​ប្រើប្រាស់ ក្នុងការ​ពន្លត់​អគ្គិភ័យ ចំនួន ៣០ សម្រាប់ ទៅ​ប្រគល់ជូន​ដល់ ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​គរ​បាល រាជធានី​ភ្នំពេញ បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដែលមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា បានគិត​គូរ​ពី​សុវត្ថិភាព ដោយ​ផ្តល់​ជា​សំលៀកបំពាក់ មួក ស្បែកជើង ដល់​អង្គភាព​របស់លោក សម្រាប់​ប្រើប្រាស់ ក្នុងការ​ជួយសង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​។

​ជាការ​ឆ្លើយតប ក្នុងនាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​សូម​ថ្លែង​នូវ ការកោតសរសើរ ដល់​បងប្អូន​កងកម្លាំង​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ លះបង់​កម្លាំងកាយ​ចិត្ត ដោយ​មិន​គិត ពី​អាយុជីវិត ពេលវេលា ការនឿយហត់ ជួយ​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ​សង្គ្រោះ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​ទាន់ពេលវេលា និង​មិនឱ្យ​គ្រោះ​អគ្គិភ័យ ឆេះ​រាលដាល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ។

​លោក​បាន​បញ្ជាក់ថាៈ សម្រាប់​សម្លៀកបំពាក់ មួក ស្បែកជើង​នេះ ផលិត​នៅ ប្រទេស​ជប៉ុន ដែលមាន​លក្ខណៈ​ងាយស្រួល​ស្លៀកពាក់ មិន​ហប់ និង​អាច ការពារ​បងប្អូន​កង​កម្លាំង​យើង ក្នុងពេល​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ ប្រកបដោយ សុវត្ថិភាព​។​

​ជាមួយគ្នានេះ លោកនាយក​ប្រតិបត្តិ​សាខា បាន​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជា ពលរដ្ឋ ទាំងអស់ ថ្វីដ្បិតតែ​យើង​មាន​បងប្អូន កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៅចាំ​ជួយសង្គ្រោះ ក៏ពិតមែន តែ​ជា​ចម្បង​បំផុត សូម​បងប្អូន ត្រូវមាន​ការយកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​បង្ការ ដោយ​ខ្លួនឯង ដោយ​កុំ​ធ្វេស ប្រហែស អំពី​ភ្លើងទៀន ធូប ចង្ក្រានហ្គាស កា​រត​បណ្តាញ​អគ្គិភ័យ​ប្រើប្រាស់ និង​វត្ថុ​ផ្សេងៗ ដែល​ងាយ​ឆាបឆេះ ដើម្បី​ចៀសវាង​ពី​គ្រោះ អគ្គិភ័យ ដែល​អាច កើតមានឡើង ជាយថាហេតុ​៕/V​-PC