ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ជួសជុល​សួនច្បារ ៤ ទីតាំង ក្នុងចំណោម សួនច្បារ​សាធារណៈ សរុប​ចំនួន​ជាង ១២០ ទីតាំង លើ​ផ្ទៃដី​ជាង ១​លាន​ម៉ែត្រការ៉េ​នោះ ឱ្យមាន​ពណ៌​បៃតង គ្រប់​រដូវ​កាល ក្នុងនោះ គ្រោង​នឹង ជួសជុល ការ៉ូឡា​បាក់បែក ដាំ​ជួស​ដើមឈើ ស្មៅ និង​ផ្កា​ដែល​ងាប់ ដើម្បី​លើក សោភ័ណភាព រាជធានី​ភ្នំពេញ និង​ម្យ៉ាងទៀត ដើម្បី​ទុកជា​កន្លែង​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ បាន​ហាត់ប្រាណ ដើម្បី​សុខភាព​ផងដែរ​។​

​លោក ស៊ូ សាវ៉ន ប្រធាន អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៦ មិថុនា​នេះ​ថាៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ លើ​ការកែលម្អ​សួនច្បារ​នានា នៅក្នុង​រាជធានី ភ្នំពេញ ដោយសារ​សួនច្បារ មិន​ត្រឹមតែ​ជា​កន្លែង ទាក់ទាញ នូវ​ភ្ញៀវ​ជាតិ អន្តរជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ ហាត់ប្រាណ ហើយ​ការ ហាត់ ប្រាណ​នេះហើយ ជា​ឱសថ​ដ៏​ស​ក្កិ​សិទ្ធ ក្នុងការ​ព្យាបាល​ជំងឺ គ្រប់​ប្រភេទ​។​

​លោក ស៊ូ សាវ៉ន បានបញ្ជាក់​ថាៈ សួនច្បារ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ មាន​សរុប ចំនួន ១២១ ទីតាំង ស្មើនឹង ១.០០៤.២៣៣ ម៉ែត្រការ៉េ ហើយ​សំរាប់ ឆ្នាំ​២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ជួសជុល ការ៉ូឡា​បាក់បែក ដាំ​ជួស​ដើមឈើ ស្មៅ និង​ផ្កា​ដែល​ងាប់ នៅ​សួនច្បារ ចំនួន ៤ ទីតាំង ក្នុងនោះ​រួមមានៈ សួនច្បារ វិមានឯករាជ្យ , សួនច្បារ​មុខ​វត្ត​បទុម​វ​តី​, សួនច្បារ​ឆ្នេរទន្លេ និង​សួន​វិមាន​ឈ្នះ​ឈ្នះ​។​

​លោក​បាន​បន្តថាៈ អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ភ្នំពេញ នៅតែ​បន្ត​ថែទាំ​សួនច្បារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក្សាបាន​នូវ ពណ៌​បៃតង ទាំង​ខែប្រាំង និង​ខែវស្សា ។ បន្ថែម​ពីលើ​នេះ​ទៀត ការថែទាំ​ដើមឈើ ការកាប់​លះ​ដើមឈើ ការដក​ដើមឈើ ដែល​ងាប់​ចេញ ដាំ​ថ្មី​ជំនួស នៅតែ​បន្តធ្វើ​សកម្មភាព​រហូត​៕/V​-PC