ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អាល្លឺម៉ង់បានចោទប្រកាន់ក្រុមហ៊ុនឧស្ម័នយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីថាបានព្យាយាមរុញតម្លៃថាមពលឱ្យឡើងខ្ពស់ ដោយការកាត់បន្ថយការផ្គត់ផ្គង់យ៉ាងខ្លាំង។

ក្រុមហ៊ុន Gazprom បាននិយាយថា ខ្លួនកំពុងរឹតត្បិតបរិមាណឧស្ម័នដល់ប្រទេសអាល្លឺម៉ង់ឱ្យនៅក្រោម ៧០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺស្ថិតនៅក្រោមអត្រាពាក់កណ្តាលនាពេលបច្ចុប្បន្នទៅទៀត។

ហេតុផលដែលក្រុមហ៊ុនផ្តល់ឱ្យគឺខ្លួនកំពុងផ្តល់សេវាកម្មឧបករណ៍នៅបំពង់បង្ហូរ Nord Stream ។

ប៉ុន្តែ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក រ៉ូបឺត ហាបេក (Robert Habeck) បាន​និយាយ​ថា​ វា​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ ​មិន​មែន​ខាង​បច្ចេកទេស​ទេ។

លោកបន្តថា “វាច្បាស់ណាស់ជាយុទ្ធសាស្ត្រមួយដើម្បីបង្កការរំខាននិងរុញឱ្យតម្លៃថាមពលកើនឡើង”។

ក្រុមហ៊ុន Gazprom បាននិយាយថាខ្លួននឹងកាត់បន្ថយការបង្ហូរហ្គាសមកនៅត្រឹម ៦៧ ម៉ែត្រគូបក្នុងមួយថ្ងៃដល់អាល្លឺម៉ង់

ក្រុមហ៊ុន Gazprom បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងកាត់បន្ថយលំហូរឧស្ម័ននៅបំពង់បង្ហូរ Nord Stream 1 ពី ១៦៧ ម៉ែត្រគូបក្នុងមួយថ្ងៃមកនៅត្រឹម ១០០ ម៉ែត្រគូប ប៉ុន្តែបន្ទាប់មកកាលពីថ្ងៃពុធបានប្រកាសថាខ្លួននឹងកាត់បន្ថយបន្ថែមទៀតមកនៅត្រឹម ៦៧ ម៉ែត្រគូប។

ក្រុមហ៊ុនថាមពល ENI បាននិយាយថា ក្រុមហ៊ុន Gazprom ក៏បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅកាន់ប្រទេសអ៊ីតាលីប្រហែល ១៥ ភាគរយកាលពីថ្ងៃពុធផងដែរ។ អ៊ីតាលីក៏ដូចជាអាល្លឺម៉ង់ដែរ គឺពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី ដែលមានចំនួន ៤០ ភាគរយនៃការនាំចូលរបស់ខ្លួន។

ចំណាត់ការរបស់ក្រុមហ៊ុនរុស្ស៊ីនេះបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមបិទការនាំចូលប្រេងពីរុស្ស៊ីភាគច្រើននៅចុងឆ្នាំ ២០២២ ដើម្បីដាក់ទណ្ឌកម្មលើក្រុងមូស្គូសម្រាប់វាយលុកលើអ៊ុយក្រែន។

ប៉ូឡូញ ប៊ុលហ្គារី ហ្វាំងឡង់ ដាណឺម៉ាក និងហូឡង់ ត្រូវបានរុស្ស៊ីផ្អាកការបញ្ជូនឧស្ម័នធម្មជាតិរួចទៅហើយ បន្ទាប់ពីពួកគេបានបដិសេធការទាមទារឱ្យ “បណ្តាប្រទេសអមិត្ត” បង់ជាប្រាក់រូប្លិ៍របស់រុស្ស៊ី៕