​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិ​កុមារ​សហប្រជាជាតិ បានចេញ​ផ្សាយ​នូវ​ការអង្កេត​របស់ខ្លួន​ស្តីពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​សម្រេចបាន ក្នុងការ​ឈានទៅ​បំពេញ​តាម​កាតព្វកិច្ច​ផ្លូវច្បាប់​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ ដោយ ការអង្កេត​ទទួលស្គាល់​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០២២ ហើយ​ទន្ទឹមនឹងនេះ​ក៏បាន​បង្ហាញ​ពី​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​មួយចំនួន​ដូចជា​ការអប់រំ និង​កិច្ចការពារ​កុមារ​។​

​គណៈកម្មាធិការ​តាមដាន​ទៅលើ​ការអនុវត្ត​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ ដែល​ផ្អែកលើ​គោលការណ៍​សំខាន់ៗ​នៃ​សិទ្ធិ​មានជីវិត សិទ្ធិ​រស់នៅ​និង​អភិវឌ្ឍន៍ សិទ្ធិ​គ្មាន​ការរើសអើង ឧ​ត្ត​ម​ប្រយោជន៍​កុមារ និង​សិទ្ធិ​បញ្ចេញមតិ​។ ជា​អនុសញ្ញា​ដែល​ទទួលបាន​សច្ចាប័ន​ច្រើនជាងគេ​ក្នុង​ពិភពលោក អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​បាន​នឹង​កំពុង​ជំរុញ​ទឹកចិត្ត​រដ្ឋាភិបាល​នានា​ឲ្យ​ផ្លាស់ប្តូរ​ច្បាប់ និង​គោលនយោបាយ ដើម្បី​ធានា​នូវ​ការបំពេញ ការទទួលស្គាល់ និង​កិច្ចការពារ​សិទ្ធិ​កុមារ​។

​សេចក្តីសន្និដ្ឋាន​នៃ​ការអង្កេត​របស់​គណៈកម្មាធិកា​រ​បាន​បញ្ជាក់ថា​៖ “​គណៈកម្មាធិការ​សូម​ស្វាគមន៍​នូវ​ការសម្រេចបាន​នូវ​វិធានការ​ច្បាប់ ស្ថាប័ន និង​គោលនយោបាយ​ដើម្បី​អនុវត្ត​អនុសញ្ញា​នេះ ដែល​រួមមាន​ដូចជា​ការអនុម័ត​ច្បាប់​យុត្តិធម៌​អនីតិជន ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​អំពើហិង្សា​លើ​កុមារ ផែនការ​សកម្មភាព​ស​ម្រា​ប់​លើកកម្ពស់​សុខមាលភាព​កុមារ និង​គោលនយោបាយ​ស្តីពី​កិច្ចការពារ​កុមារ​នៅតាម​សាលារៀន និង​ការអប់រំ​ប្រកបដោយ​បរិ​យាប​ន្ន​។ គណៈកម្មាធិការ​សូម​កត់សម្គាល់​ជាមួយ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តល់​សច្ចាប័ន​ដល់ អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​ក្នុង​ឆ្នាំ​២០១២ និង​ការចូលរួម​ជា​សមាជិក​ក្នុង​អនុសញ្ញា​ស្តីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ ក្នុង​ឆ្នាំ​២០១៣​។​”

​ទោះជា​យ៉ាងនេះ​ក្តី គណៈកម្មាធិការ​ក៏បាន​លើកទ្បើង​អំពី​ការព្រួយបារម្ភ​ទៅលើ​ចំណុច​ដទៃទៀត ដូចជា​ការអប់រំ​កាតព្វកិច្ច​ដោយ​មិន​យក​កម្រៃ​សម្រាប់​កុមារ​ក្នុងប្រទេស​កម្ពុជា និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការស្នើ​បែងចែក​ថ្នាក់រៀន​សម្រាប់​កុមារ​មាន​ពិការភាព​។ គណៈកម្មាធិការ​ផ្ត​ល់អ​នុ​សាសន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ផ្តល់​ការអប់រំ​ថ្នាក់បឋមសិក្សា​ដោយ​មិន​យក​កម្រៃ និង​ជា​កាតព្វកិច្ច​សម្រាប់​កុមារ​គ្រប់រូប​យ៉ាងហោចណាស់​ឲ្យ​បាន​៩​ឆ្នាំ និង​ធ្វើ​វិសោធនកម្ម​សេចក្តីព្រាងច្បាប់ ដើម្បី​ធានា​នូវ​សិទ្ធិ​កុមារ​មាន​ពិការភាព​ឲ្យ​ទទួលបាន​ការអប់រំ​ប្រកបដោយ​បរិ​យាប​ន្ន​។ គណៈកម្មាធិការ ក៏​ផ្តល់​អនុសាសន៍​ផងដែរ​ថា កុមារ​ដែល​ការសិក្សា​ខ្លួន​ត្រូវបាន​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ គួរ​ទទួលបាន​នូវ​ការគាំទ្រ​ពី​អន្តរាគមន៍​នានា ដើម្បី​ឆ្លើយតប​នឹង​ការបាត់បង់​ការរៀនសូត្រ​ក្នុង​រយៈពេល​មាន​ជំងឺ​រាតត្បាត​នេះ​។

​លើសពីនេះ​ទៀត គណៈកម្មាធិការ​ក៏បាន​លើកទ្បើង​អំពី​កង្វល់​ជុំវិញ​អត្រា​ខ្ពស់​នៃ​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។ គណៈកម្មាធិការ​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​ធានា​នូវ​ការស៊ើបអង្កេត និង​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព ទៅលើ​រាល់​ករណី​កេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នៅ​ខាងក្នុង ឬ​ខាងក្រៅ​ផ្ទះ និង​បរិស្ថាន​ឌីជីធល ដែល​ក្នុងនោះ​រួម​មានការ​លួងលោម​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​ផងដែរ​។ គណៈកម្មាធិការ​ក៏បាន​ជំរុញ​ឲ្យ​បន្ត ធ្វើ​វឌ្ឍនភាព និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឈានទៅរក​ការផ្តល់​អាទិភាព​លើ​ការថែទាំ​តាម​គ្រួសារ សម្រាប់​កុមារ ដោយមាន​ការគាំទ្រ​ពី​បុគ្គលិក​សង្គម​ក្នុង​ចំនួន​ច្រើន​នាក់​នៅ​គ្រប់​ខេត្ត​ទាំងអស់​។

​ដោយ​យក​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ជា​មគ្គទេសក៍ យូ​នី​សេ​ហ្វ​គឺជា​ស្ថាប័ន​អង្គការសហប្រជាជាតិ​ដែល​ត្រូវ​បានផ្តល់​សមត្ថកិច្ច​ដើម្បី​ការពារ​សិទ្ធិ​កុមារ​គ្រប់រូប និង​ធ្វើការ​ជាមួយ​ដៃគូ​នានា​រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​សិទ្ធិ​កុមារ​។​

​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​យើង​សូម​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វឌ្ឍនភាព​នានា​ដែល​សម្រេចបាន​ក្នុងការ​លើកកម្ពស់​ជីវិត​កុមារ​នៅក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ ប៉ុន្តែ​របាយការណ៍​នេះ​ក៏​បង្ហាញថា​នៅមាន​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​មួយចំនួនទៀត​ផងដែរ​។ សូម្បីតែ​នៅក្នុង​ចំណុច​ដែលមាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ហើយ​ក្តី ជំងឺ​កូ​វីដ​បាន​បង្ក​ជា​ឧបសគ្គ​ថយក្រោយ​ធ្ងន់ធ្ងរ​ទៅវិញ​។ ឥ​ទ្បូ​វ​នេះ​គឺជា​ពេលវេលា​ដើម្បី​ផ្តោត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ទៅលើ​ការឆ្លើយតប​នឹង​ឧបសគ្គ​ទាំងនោះ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​គណៈកម្មាធិការ​សិទ្ធិ​កុមារ​បានផ្តល់​អនុសាសន៍​។ នៅក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្តាហ៍​ខាងមុខ យូ​នី​សេ​ហ្វ​
​រួមជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ធ្វើ​សកម្មភាព​ឆ្លើយតប​នឹង​អនុសាសន៍​ទាំងនោះ ក្នុង​គោលបំណង​ចម្បង​បំផុត​គឺ​ធានាថា​សិទ្ធិ​របស់​កុមារ​កម្ពុជា​គ្រប់រូប​ត្រូវបាន​គោរព ទទួលស្គាល់ ផ្តល់​ឲ្យ និង​ការពារ​។​”​