ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កំពុងប្រឈមមុខនឹងការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងសភា ដោយក្រុមបក្សប្រឆាំងគ្រោងនឹងសួរដេញដោលរដ្ឋាភិបាលរបស់លោកលើបញ្ហាជាច្រើន រួមទាំងការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ក្នុងពេលដែលក្រុមចម្រុះដែលកំពុងកាន់អំណាច កំពុងជួបការបែកបាក់ផ្ទៃក្នុង។

ក្រុមគណបក្សប្រឆាំងបានដាក់ញត្តិសម្តែងការមិនទុកចិត្តទៅប្រធានសភាលោក ជួន លីកប៉ៃ (Chuan Leekpai) កាលពីថ្ងៃពុធ ទី១៥ មិថុនា ដែលបានកំណត់គោលដៅលើសមាជិកជាន់ខ្ពស់ ១០ រូបនៃគណៈរដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធផងដែរ។

ក្រុមបក្សប្រឆាំងគ្រោងនឹងសួរដេញដោលរដ្ឋាភិបាលរបស់លោកប្រាយុទ្ធលើបញ្ហាជាច្រើន

សភាទំនងជានឹងធ្វើការជជែកដេញដោលនៅខែក្រោយ មុនពេលបោះឆ្នោតលើញ្ញត្តិសម្តែងការមិនទុកចិត្តនេះ។

ការប៉ុនប៉ងបោះឆ្នោតទម្លាក់លោកប្រាយុទ្ធ ដែលជាការប៉ុនប៉ងលើកទីបួនចាប់តាំងពីការបោះឆ្នោតក្នុងឆ្នាំ ២០១៩ បានកើតឡើងចំពេលមានជម្លោះក្នុងចំណោមគណបក្សចម្រុះកាន់អំណាចនិងការធ្លាក់ចុះប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី។

ខណៈក្រុមបក្សប្រឆាំងខ្វះចំនួនដើម្បីផ្តួលរំលំរដ្ឋាភិបាល ពួកអ្នកវិភាគនិងសមាជិកសភាជាច្រើននិយាយថា ដៃគូចម្រុះដែលមិនពេញចិត្តនិងក្រុមចម្រុះដែលកំពុងកាន់អំណាចនឹងកំណត់ថាតើលោកប្រាយុទ្ធអាចរស់រានពីការបោះឆ្នោតសម្តែងការមិនទុកចិត្តឬអត់។

លោក ស៊ូទីន ក្លាំងសាង (Sutin Klungsang) សមាជិកសភាមកពីគណបក្សភឿថៃ បាននិយាយថា “យើងជឿជាក់ថាយើងនឹងបង្កើតរលករញ្ជួយ ។ ទោះបីជាយើងមិនជោគជ័យក្នុងការផ្តួលរំលំរដ្ឋាភិបាលនៅក្នុងសភាក៏ដោយ ក៏ប៉ុន្តែយ៉ាងហោចណាស់ប្រជាពលរដ្ឋនឹងបានជ្រាបដំណឹងកាន់តែច្បាស់ក្នុងការសម្រេចចិត្តរបស់ពួកគេ មុនពេលពួកគេទៅបោះឆ្នោតនៅឆ្នាំក្រោយ”៕