ប្រែសម្រួល : កញ្ញាដាលីស (tuoitrenews) ៖ អាជ្ញាធរគ្រប់គ្រងផ្លូវរថភ្លើងក្នុងទីក្រុងហូជីមិញ (MAUR) ដែលជាអ្នកអភិវឌ្ឍន៍ផ្លូវរថភ្លើងក្រោមដីលេខ ១ របស់ទីក្រុងហូជីមិញ បានរាយការណ៍ទៅប៉ូលិសក្រុងកាលពីថ្ងៃព្រហស្បតិ៍ទី១៦មិថុនាថា ចោរបានលួចឧបករណ៍ ប្រដាប់ប្រដារ និងសម្ភារៈផ្គត់ផ្គង់ពីការដ្ឋានសាងសង់របស់ពួកគេ។

នៅក្នុងរបាយការណ៍មួយទៅកាន់អាជ្ញាធរ MAUR កាលពីខែឧសភា ក្រុមហ៊ុន Chan Chun Construction Co. Ltdដែលជាអ្នកម៉ៅការទទួលបន្ទុកលើលទ្ធកម្មនៃឧបករណ៍អេឡិចត្រូនិចនិងការថែទាំ បាននិយាយថា ប៊ូឡុងសម្រាប់ចាប់ជើងតាងផ្លូវដែក ១៣.៤៤៣ គ្រាប់ក្នុងចំណោម ២០.២០០ គ្រាប់របស់ខ្លួនបានបាត់។

យោងតាមក្រុមហ៊ុន Chan Chun ដែលបានបញ្ចប់ការងារលើគម្រោងចាប់ប៊ូឡុងរួចរាល់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប៊ូឡុងទាំងអស់ត្រូវបានចាប់តោងជាប់នឹងជើងតាងផ្លូវដែករួចរាល់នៅខែកុម្ភៈ ឆ្នាំ ២០២១។

អ្នកម៉ៅការផ្សេងទៀតបានបន្តការងាររបស់ពួកគេលើគម្រោងនេះចាប់តាំងពីពេលនោះមក ដោយមានតែបុគ្គលិកដែលមានការអនុញ្ញាតប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីតាំងការដ្ឋាន។

អាជ្ញាធរ MAUR បានស្នើឱ្យប៉ូលិសក្រុងតាមដានក្រុមចោរនិងយកមកវិញនូវប៊ូឡុងផ្លូវរថភ្លើងដែលលួចនោះមកវិញ។

ការលួចប៊ូឡុងផ្លូវដែកគឺជាសញ្ញាមួយបង្ហាញថា សន្តិសុខជុំវិញខ្សែរថភ្លើងក្រោមដីលេខ ១ ត្រូវតែពង្រឹងឱ្យខ្លាំង ជាពិសេសវាបានកើតឡើងបន្ទាប់ពីមានការបំផ្លិចបំផ្លាញទូរថភ្លើងជាច្រើននៅស្ថានីយឡុងបិញ (Long Binh) ក្នុងសង្កាត់ធូឌឹក (Thu Duc) ក្រុងហូជីមិញ។

ខ្សែរថភ្លើងលេខ ១ ថតនៅស្ថានីយឡុងបិញក្នុងសង្កាត់ធូឌឹក ក្រុងហូជីមិញ

ខ្សែរថភ្លើងលេខ ១ មានប្រវែង ១៩,៧ គីឡូម៉ែត្រ និងរួមបញ្ចូលផ្លូវដែកក្រោមដី ២,៦ គីឡូម៉ែត្រ និង ផ្លូវដែកលើអាកាស ១៧,១ គីឡូម៉ែត្រ។

ខ្សែរថភ្លើងក្រោមដីនេះត្រូវគេរំពឹងថានឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៣៕