ដោយៈ តាកែវ / តាកែវ​: អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បានលើកឡើង​ថាៈ ការចាប់យក ជំនាញ​បច្ចេកទេស​នេះ វា​ពិត​ជាមាន​តម្រូវការ​ទីផ្សារការងារ​ខ្ពស់ និង​ទទួលបាន​ប្រាក់ចំណូល ឬ​ទទួលបាន​ប្រាក់ខែ ខ្ពស់ជាង​ជំនាញ​ផ្សេងៗ ។​

​លោក​អភិបាល​ខេត្តតាកែវ បាន​ថ្លែង​ដូច្នេះ នៅ​ចំពោះមុខ​និស្សិត និង​សិស្ស រាប់រយ​នាក់ នៅក្នុង​ឱកាសលោក​អញ្ជើញ​ចូលរួម​ទិវា​ជាតិ អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស ភូមិភាគ​តេ​ជោ​តាកែវ​។​

​លោក អ៊ូច ភា បាន​ថ្លែងថាៈ សិស្ស និស្សិត ដែល​ប្រឡង​ជាប់ ឬ​ធ្លា​ក់បាក់​ឌុប ភាគច្រើន តែងតែ​នាំគ្នា​សិក្សា​តាម​គ្នា ឬ​ជ្រើសរើស​ជំនាញ​ធនាគា គណនេយ្យ​ជាដើម ដោយ​មើលរំលង ជំនាញ​បច្ចេកទេស ដែល​ជំនាញ​នេះ ងាយស្រួល​ក្នុង​ការរក​ការងារ​ធ្វើ និង​អាច​ឲ្យ​ប្អូនៗ​និស្សិត អាច​បើក​រប​រកស៊ី ដោយ​ខ្លួនឯង​ផ្ទាល់ នៅ​ស្រុកកំណើត​។​

​លោក​បាន​ថ្លែងបន្តថាៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​ជួយ​សម្រួល ដល់​ការសិក្សា របស់​សិស្ស និស្សិត ដែល​ជាប់ ឬ​ធ្លា​ក់បាក់​ឌុប ដោយបាន​បើក​វិទ្យាស្ថាន បណ្ដុះបណ្ដាល ជំនាញ​បច្ចេកទេស នៅតាម​បណ្ដាល​ខេត្ត​ជាច្រើន ឲ្យ​សិស្ស និស្សិត បាន​ចូលរួម​សិក្សា ក្នុង​គោលបំណង​ជួយ​សិស្ស និស្សិត កុំ​ឲ្យ​ទៅ​សិក្សា នៅ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ ដូច្នោះ​សូម​ប្អូនៗ សិស្សានុសិស្ស​ទាំងអស់ ត្រូវ​សិក្សា​ស្វែងយល់ ឲ្យ​កាន់តែច្បាស់ អំពី​សារៈសំខាន់ នៃ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងការ​អភិវឌ្ឍ​កម្លាំង ពលកម្ម​ជំនាញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ទីផ្សារការងារ នៅក្នុង​ស្រុក និង​ក្រៅប្រទេស​។​

​ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បាន​ក្រើនរំលឹក ទៅដល់​សិស្ស និស្សិត​ដែល​កំពុងតែ​សិក្សា ចាប់យក​ជំនាញ​បច្ចេកទេស និង​សិក្សា​កម្រិត​វិទ្យាល័យ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ នៅតាម​បណ្ណាល័យ អ៊ី​ន​ធើ​ណេ​ត ជាដើម ដើម្បី​យកមក បំពេញបន្ថែម និង​ជា​មូលដ្ឋានគ្រឹះ លើ​ការសិក្សា ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ព្រោះ​សម័យ​បច្ចុប្បន្ននេះ ពិភពលោក​របស់​យើង កាន់តែ​ទំនើប និង​ប្រែប្រួល​ច្រើនណាស់ ប្រសិនបើ​យើង មិន​ខិតខំ​អភិវឌ្ឍន៍​ចំណេះ និង​បង្កើន​សមត្ថភាព​ទេ នោះ​យើង​ប្រាកដជា​ដើរ មិនទាន់​ពិភពលោក​ទេ​៕/V​