ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថាៈ ប្រទេស​មាន វឌ្ឍនភាព លើ​គ្រប់​វិស័យ ដោយសារ​មាន​សន្តិភាព ហើយ​កិ​ត្យា នុ​ភាព​ជាតិ ត្រូវបាន​លើក កម្ពស់ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ងួន រតនៈ បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០២១-២០២២ របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ធំ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ។​

​លោក ងួន រតនៈ បាន​ថ្លែងថាៈ ” ប្រទេស​មាន វឌ្ឍនភាព លើ​គ្រប់​វិស័យ ដោយសារ​មាន សន្តិភាព ហើយ​កិត្យានុភាព​ជាតិ ត្រូវបាន​លើកកម្ពស់ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ជាពិសេស​ការរក្សាបាន នូវ​លំនឹង​សន្តិភាព សន្តិសុខ កំណើន សេដ្ឋកិច្ច កំណើន​ការងារ និង​ចំណូល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ក្នុង​កម្រិត​ខ្ពស់ ” ។​

​លោក​អភិបាល​ខេត្តកំពង់ធំ បាន​បន្តថាៈ ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល បានធ្វើការ កែទម្រង់ លើ​វិស័យ​ជា​អាទិភាព​ជាច្រើន ក្នុងនោះ​ការកែទម្រង់ រដ្ឋបាល​សាធារណៈ កំពុង​ត្រូវបាន​អនុវត្ត យ៉ាងសកម្ម និង​ស៊ីជម្រៅ ទាំង​នៅ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ហើយ​ចំពោះមុខ បណ្ដា​វិស័យ​សំខាន់ៗ​មួយចំនួន នៅ​ថ្នាក់ជាតិ ត្រូវបានធ្វើ​វិមជ្ឈការ មក​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ ទទួលខុសត្រូវ អនុវត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង នៅ​មូលដ្ឋាន ជាពិសេស សកម្មភាព នៃ​ការលើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ការផ្ដល់​សេវាសាធារណៈ សេវា​រដ្ឋបាល និង​វិស័យ​សំខាន់ៗ មួយចំនួន ក្នុងនោះ វិស័យ​អប់រំ យុវជន និង​កីឡា ក៏​ជា​ផ្នែក មួយ​ដ៏​សំខាន់ ក្នុង​គោលនយោបាយ​វិមជ្ឈការ​នេះ​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​បន្ដទៀតថាៈ ដូចនេះ ដើម្បី​អនុវត្ត​គោលនយោបាយ​នេះ ប្រកបដោយ ប្រសិទ្ធភាព ក្នុងនាម​ថ្នាក់ដឹកនាំ ទទួលខុសត្រូវ​មួយ មន្ត្រី​សាធារណៈ គ្រប់លំដាប់​ថ្នាក់ ត្រូវ​លើ​កម្ពស់​ការអនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរ ឡើង​។ លើកកម្ពស់​ភាពជា គំរូ​ដឹកនាំ និង​ការផ្លាស់ប្ដូរ​ឥរិយាបទ ពី​អ្នកត្រួតត្រា ទៅជា​អ្នកផ្ដល់​សេវា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដោយ​ប្រកាន់ ខ្ជាប់​នូវ​គុណសម្បត្តិ នៃ​ឥរិយាបទ​នៃ​មន្ត្រីរាជការ គឺ​ឆន្ទៈ​ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌ សេវាសាធារណៈ​។​

​លោក ងួន រតនៈ បាន​ចាប់អារម្មណ៍ លើ​ករណី​អត្រា នៃ​ការបោះបង់​ការសិក្សា របស់​សិស្ស សូម​ឲ្យ​ថ្នាក់ដឹកនាំ មន្ទីរ​ការិយាល័យ​អប់រំ គ្រប់​ក្រុង ស្រុក និង​ថ្នាក់ដឹកនាំ គ្រប់​មូលដ្ឋាន សិក្សា រួមគ្នា​ជាមួយនឹង​អាជ្ញាធរ មាតាបិតា ត្រូវ​យកចិត្តទុកដាក់ ចាត់វិធានការ​សមស្រប​នានា ដើម្បី​លើកកម្ពស់​អត្រា​សិក្សា របស់​សិស្ស និង​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា ឲ្យ​បាន​នៅ កម្រិត​ទាប​បំផុត ជាពិសេស​ការចូលរួម ដោយ​យកចិត្តទុកដាក់ ពី​សំណាក់​លោកគ្រូ អ្នកគ្រូ ចំពោះ​ស្ថានភាព​ឧបសគ្គ​របស់​សិស្សានុសិស្ស ហើយ​គ្រប់​សាលារៀន​ទាំងអស់ ត្រូវមាន ការលើកកម្ពស់ នូវ​វិស័យ​កីឡា​ទាំង​សម្ភារៈ ទីលាន​ជាដើម ដើម្បី​បណ្តុះ​ស្មារតី​សិស្ស ឲ្យ​ចេះ​ស្រឡាញ់​កីឡា ។​

​នៅក្នុង​ឱកាស​នោះ លោក តាន់ ប៊ុន​ហុង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យដឹងថាៈ លទ្ធផល​ការងារ កន្លងមក គឺ​ពិត​ជាមាន​មោទនភាព អំពី​លទ្ធផល ស​ម្រ​ច​បាន ទាំង​ផ្នែក​បរិមាណ និង​គុណភាព ដែលជា​សកម្មភាព ជា​អទិភាព និង​ជា​យុទ្ធសាស្ត្រ ដែល​បាន​អនុវត្ត ត្រូវបាន​ផ្តោតជាសំខាន់ ទៅលើ ការលើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន សមត្ថភាព គ្រប់គ្រង អភិបាលកិច្ច​ល្អ ការតាមដាន​ត្រួតពិនិត្យ ការធ្វើ​អធិការកិច្ច និង​ការ​វាយ តម្លៃ ដើម្បី​បង្កើន​កាលានុវត្តភាព ស្មើៗ​គ្នា ឲ្យ​ដល់​កុមារ ទាំង​ការអប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដោយ​ធានា​ឲ្យ​ពួកគេ មានឱកាស​រៀន​ចប់ កម្រិត​មូលដ្ឋាន ៩ ឆ្នាំ​៕/V​-PC