​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ បាញ់ប្រហារ​ឱ្យ​រងរបួស​ធ្ងន់ នៅវេលា​ម៉ោង ១០​និង​៣០​នាទី យប់ ថ្ងៃទី​១៥ ខែមិថុនា ស្ថិតនៅលើ​កំណាត់ ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច ភូមិ​ពា​នី ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

​ខ្មាន់កាំភ្លើង បាន​បាញ់​ជនរងគ្រោះ ត្រូវ​១​គ្រាប់​ចំ​ស្មា ខាងឆ្វេង ផ្នែក​ខាងក្រោយ ធ្លាយ​ចេញមក ខាងមុខ ហើយ​ក្រុមគ្រួសារ បាន​បញ្ជូន​ជនរងគ្រោះ ឈ្មោះ ហឹ​ង ផាន់​ណា អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ ក គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង មកកាន់​មន្ទីរពេទ្យ​មួយ នៅ​រាជធានី​ភ្នំពេញ ទាំងយប់ ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ។ ចំណែកឯ ជនសង្ស័យ មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ ។​

​ដោយឡែក លោក ជ័យ សេង​ហ៊ាង អធិការនគរបាល ស្រុក​ព្រះស្តេច បានឱ្យដឹងថាៈ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់ ស្លាក​លេខ ព្រៃវែង 1V-0648 ធ្វើដំណើរ​ម្នាក់ឯង ចេញពី​ភ្នំពេញ មាន​គោលដៅ​ទៅផ្ទះ​របស់ ខ្លួន នៅ​ឃុំ​បន្ទាយ​ចក្រី​។ ពេលមកដល់​ចំណុចកើតហេតុ ក៏ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង មកពី​ក្រោយ បាញ់ ១​គ្រាប់ ត្រូវចំ​ស្មា បណ្ដាលឱ្យ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ ។ ភ្លាមៗ​នោះ ជនរងគ្រោះ បាន​ស្ទុះ​ក្រោក​រត់​ចូល​ផ្ទះ​អ្នកស្រុក ដែល​នៅ​ជិត​កន្លែងកើតហេតុ ហើយក៏​ដួលសន្លប់ នៅ​មាត់ទ្វារ​ផ្ទះ​របស់​អ្នកស្រុក​។ ចំណែក ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ​គេច ចេញទៅ​បាត់ ដោយ​សុវត្ថិភាព​។​

​លោក​អធិការនគរបាល ស្រុក​ព្រះស្តេច បានបញ្ជាក់​ថាៈ ជុំវិញ​ការបាញ់ប្រហារ​នេះ សមត្ថកិច្ច នៅ​មិនទាន់​អាច​សន្និដ្ឋានបានថា ជា​ករណី​អ្វី​ឱ្យ​ប្រាកដ នោះទេ ព្រោះ​មិនទាន់​ទទួលបាន ព័ត៌មាន​ពី​ជនរងគ្រោះ ហើយ​ជនល្មើស ពេលធ្វើ​សកម្មភាព មិនបាន​យក​ទ្រព្យសម្បត្តិ ជនរងគ្រោះ​ទេ ដូច្នេះ​មិនអាច​សន្និដ្ឋានថា ជា​ករណី​ប្លន់​ឡើយ ។​

​បច្ចុប្បន្ន ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មួយ នៅ​រាជធានី​ភ្នំពេញ ។ រីឯ សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស ដើម្បី​ឈានដល់​ការឃាត់ ខ្លួន នាំយកមក​ផ្ដន្ទាទោស តាមច្បាប់​៕/V​