​ដោយៈ វណ្ណៈ / ព្រះសីហនុៈ អធិការរង ក្រុងព្រះសីហនុ​ម្នាក់ បាន​រងរបួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ ដោយ​ក្រុម​ជនល្មើស ជា​ជនបរទេស បាញ់ប្រហារ ក្នុងពេល​លោក បាន​ដឹកនាំ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​។ ករណីនេះ បានកើត​ឡើង នៅ​ទីតាំង ឆាយ​ណា​ថោ​ន ក្នុង​តំបន់​អូរត្រេះ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ម៉ោង ៨ យប់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថាៈ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ក្រុម​ជនល្មើស​មួយចំនួន ជា​ជនបរទេស និង​ដក ហូត​បាន​អាវុធ ដែល​ក្រុម​ជនល្មើស ធ្វើ​សកម្មភាព​ល្មើស ហើយ​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ ទាំងនោះ យកមក​ចាត់​ការបន្ត តាមផ្លូវ​ច្បាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹង​ទៀតថាៈ ជនរងគ្រោះ មានឈ្មោះ ងី បេឡា មុខងារ​ជា​អធិការរង នគរបាល ក្រុងព្រះសីហនុ បាន​រងរបួស ជើង​ស្តាំ​ធ្ងន់ធ្ងរ ដោយ​ក្រុម​ជន ល្មើស បាញ់ប្រហារ ខណៈពេល​លោក បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​បទល្មើស​។ ជនល្មើស ត្រូវ​សមត្ថកិច្ច ក្របួច​ជាប់​យកមក​ចាត់ការ តាម​នីតិវិធី​ច្បាប់​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នេះ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ អមដំណើរ​ដោយ​លោក ឧ​ត្ត​ម​សេនី​យ៌​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ទៅសួរសុខទុក្ខ មន្ត្រីនគរបាល ដែល​រងរបួស​ជើង​ធ្ងន់ ក្នុងពេល​ចុះ​ប្រតិបត្តិការ បង្ក្រាប​ជនល្មើស​ប្រដាប់អាវុធ ដោយបាន​ឩ​ប​ត្ថ​ម្ភ​ជា​ថវិកា ចំនួន ៣ ពាន់​ដុល្លា​អាមេរិក ហើយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​នាំយក ថវិកា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង និង​លោកជំទាវ ចំនួន ៥ លាន​រៀល ថវិកា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ចំនួន ៥ លាន​រៀល រួម​នឹង​ថវិកា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​ខេត្ត ចំនួន ៤ លាន​រៀល ជូន​ដល់​នគរបាល​រូបនេះ ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត បានបញ្ជាក់​ថាៈ ចំពោះ​ការព្យាបាល ជាការ ចំណាយ​ផ្ទាល់​របស់​ស្នងការ​ខេត្ត និង​សាលាខេត្ត​ព្រះសីហនុ ។ ជាពិសេស ក្រោម​ការយកចិត្តទុកដាក់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន , លោកនាយ​ឧ​ត្ត​ម សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក​អភិបាលខេត្ត​ព្រះសីហនុ មន្ត្រីនគរបាល​ដែល​រងរបួស ត្រូវបាន​ក្រុមគ្រូពេទ្យ វះកាត់​សង្គ្រោះ​រួចហើយ ហើយ​បាននិងកំពុង​បន្ត​ព្យាបាល នៅ​ប្រទេស​ថៃ​៕/V​