ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​វាយ​គប់ បង្ក​ឲ្យ​មនុស្ស​ស្លាប់​) ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦ មិថុនា​នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ អម​សាលាដំបូង រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ សំណុំ​រឿងនេះ ត្រូវបាន​តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ រួចរាល់​ហើយ ពីបទ​ឃាតកម្ម និង​បទ​សមគំនិត ក្នុង​អំពើ​ឃាតកម្ម តាម​មាត្រា ២៩ និង​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១ និង​១០​នាទី រំលងអធ្រាត្រ អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​វាយ​-​គប់ បង្ក​ឲ្យ​មនុស្ស​ស្លាប់​) កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ២២:០០​នាទី នៅ​ចំណុច​ហ្គោ​ឡាញ ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្កដោយ​ជនសង្ស័យ បីនាក់ ជិះ​ម៉ូតូ ១​គ្រឿង ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ជា​យុវជន បីនាក់​នោះ រួមមានៈ ១-​ឈ្មោះ រ៉ាត់ ណារ៉ាក់ (​រ៉ា​ក់​) អាយុ​២២​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ភូមិ​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា (​គ្មាន​សារធាតុ​ញៀន​) , ២-​ឈ្មោះ ពិន បូរី (​រី​) អាយុ​១៨​ឆ្នាំ និង ៣-​ឈ្មោះ អូន ដា​រ៉ា (​ហេង​) អាយុ​២១​ឆ្នាំ ទាំងពីរ​នាក់ មានមុខ​របរ សិស្ស ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) ដូចគ្នា​។ ជនសង្ស័យ​ទាំងបី​នាក់ បានធ្វើ​សកម្មភាព វាយ​-​គប់ បណ្តាល​ឲ្យ​ស្លាប់​ជនរងគ្រោះ មានឈ្មោះ មាស វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​សមត្ថកិច្ច​ជំនាញ បានធ្វើ​កោសល្យវិច័យ ហើយ​បាន​អះអាងថា នៅលើ​សាកសព មាន​ស្នាម វាយ​នឹង​ក្បាល​ខ្សែក្រវាត់ គប់​នឹង​ដុំថ្ម ត្រូវ​ចំក្បាល​ខាងក្រោយ ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​ដួល របួសធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុស​មៈ​។ ដោយឡែក សម្ភារ​បន្សល់ទុក នៅ​កន្លែងកើតហេតុ មាន​ដុំថ្ម​១​ដុំ និង​ក្បាល​ខ្សែក្រវាត់​១ ។​

​ជនសង្ស័យ​ទាំងបី ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន កំពុងស្ថិត​ក្នុងដំណាក់កាល ចៅក្រម​ស៊ើបសួរ បើក​ការ​ស៊ើបសួរ​នៅឡើយ​៕/V​