ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​អន្តរ​ស្ថាប័ន សម្រាប់​ពិនិត្យ តាមដាន វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥ បាន​អញ្ជើញ​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​គោល​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥” ថ្នាក់​តំបន់​លើក​ទី​៣ នៅ​ខេត្តបាត់ដំបង នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ និង​ថ្នាក់​តំបន់​លើក​ទី​៤ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ។

​ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ទាំងពីរ​នេះ លោក​រដ្ឋលេខាធិការ បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម​ក្នុងនាម​ជា​លេខាធិការដ្ឋាន ក្នុងការ​បង្កើត​ក្រុមការងារ​អន្តរ​ស្ថាប័ន សម្រាប់​ពិនិត្យ តាមដាន និង​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥ បាន​ចរចារ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែលមាន​ប្រទេស​អាស៊ាន​១០ និង​ដៃគូ​មាន​៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ដែល​ធ្វើឱ្យ​ទីផ្សារ​របស់​កម្ពុជា​កាន់​តែ​ធំ​ទូលាយ និង​អនុគ្រោះ​ដល់​ទំនិញ​ជាច្រើន​អាច​នាំចេញ​បានជា​ពិសេស​ទំនិញ​កសិក​ម្ម​ដោយ​មិន​ជាប់ពន្ធ ឬ​ពន្ធ​ទាប និង​មិន​ជាប់​កូតា​។

លោក​រដ្ឋលេខាធិការ​បន្ថែម​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ រដ្ឋបាល​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី ដើម្បី​ជំរុញ​ការនាំចេញ​ដំឡូង​មី​ក្រៀម​ឱ្យបាន ៤០០ ០០០​តោន​ក្នុង​មួយឆ្នាំ និង​ផ្តល់នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ព​ន្លឿ​ន​នីតិវិធី​នៃ​ការនាំចេញ មិន​ធ្វើ CO បើ​ប្រទេស​នាំចូល​មិនត្រូវ​ការ វិមជ្ឈការ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​អាច​ចេញ CO ទម្រង់ D នាំចេញ​ទំនិញ​កសិផល​បាន​។​

​លោក​បន្តថា នៅ​ឆ្នាំ​២០២១ កន្លងទៅ កម្ពុជា​នាំចេញ​ដំឡូង​មី​ស្រស់ ក្រៀម ម្សៅដំឡូង​មី និង​កាកសំណល់​ដំឡូង​មី​បាន​ជិត ៣​លាន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ប្រទេស​ថៃ និង​វៀតណាម​។ តម្លៃ​ដំឡូង​មី​ឆ្នាំ​២០២២៖ ដំឡូង​មី​ស្រស់ ចន្លោះ​ពី ២០០-២៨០​រៀល​/​គីឡូ និង​ដំឡូង​មី​ក្រៀម​តម្លៃ​ចន្លោះ​ពី ៧០០-៧៨០​រៀល​/​គីឡូ ដោយ តម្លៃ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។​

​លោក រដ្ឋលេខាធិការ​បញ្ជាក់​ថា ដំណាំ​ដំឡូង​មី ត្រូវបាន​ដាំ​ដុះ​មាន​ចំនួន​០៩​ស្រុក ក្នុង​ខេត្តបាត់ដំបង ដែល​មាននៅ​ស្រុក​បាណន់ ប​វេ​ល រតនមណ្ឌល សំឡូត សំពៅ​លូន ភ្នំព្រឹក កំរៀង រុក្ខ​គិរី និង​គាស់ក្រឡ ជាមួយនឹង​បរិមាណ​ផល​ប្រមាណ ៣,២៧៦,០៧៣ តោន លើ​ផ្ទៃដី​ដាំ​ដុះ​សរុប ១៤៥,៨៩៤ ហិច​តា​។ ចំពោះ​តម្លៃ​ដំឡូង​មី​លើ​ទីផ្សារ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ (២០២០-២០២២) ជារួម​សង្កេតឃើញ​តម្លៃ​មាន​ភាពល្អប្រសើរ ទាំង​ដំឡូង​មី​ស្រស់ និង​ដំឡូង​មី​កៀ​ម ដែល​តម្លៃ​នេះ ធ្វើឱ្យ​កសិករ​ទទួលបាន​ប្រាក់ចំណេញ​ក្រោយ​ប្រមូល​ផល​ដើម្បី​បង្កើន​ជីវភាព​។ ចំពោះ​ការងារ​សម្របសម្រួល ទីផ្សារ និង​តម្លៃ មន្ទីរ​បាន​តាមដាន​តម្លៃ ទិញ​-​លក់​ដំឡូង​មី​ជាប្រចាំ​។​

​ដោយឡែក​ចំពោះ​ខេត្តសៀមរាប​វិញ លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា ដំ​ឡូ​មី​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​បន្ទាប់ពី​ដំណាំ​ស្រូវ ដែលមាន​ផ្ទៃដី ដាំ​ដុះ​សរុប​៦៧,៩៥៤​ហិច​តា ជាមួយ​ផល​ប្រមាណ ១៥,៦៥ តោន ក្នុងនោះ​មានស្រុក​ចំនួន​០៨ ដែលមាន​សក្តានុពល​ស​ម្រា​ប់​ដំណាំ​ដំឡូង​មី​រួមមាន ស្រុក​អង្គរជុំ អង្គរធំ បន្ទាយស្រី ជីក្រែង សូទ្រនិគម ស្រីស្នំ វ៉ារិន និង​ស្រុក​ស្វាយ​លើ​។ សម្រាប់​ទីផ្សារ​ដំឡូង​មី​នៅក្នុង​ខេត្ត​មិនទាន់មាន​រោងចក្រ ឬ​សិប្បកម្ម កែច្នៃ​ម្សៅដំឡូង​មី ពោលគឺ​កសិករ​លក់​ទៅឱ្យ​ឈ្មួញ ដើម្បី​នាំចេញ​ដំឡូង​មី​ស្រស់​ទៅកាន់​ប្រទេស​វៀតណាម និង​ចំណិត​ដំឡូង​មី​ស្ងួត ទៅ​ប្រទេស​ថៃ និង​ភាគច្រើន​ដំឡូង​មី​ស្រស់​ទៅ​ប្រទេស​វៀតណាម​៕​