ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា​បានដាក់​ឆ្កឹះ​មកវិញ​នូវ​សំណួរ​របស់លោក​
​កាលពី​៩០​ថ្ងៃមុន​ដែល​បាន​ចោទ​លោក​ច្រមុះ​ស្រួច អង្គការ​ច្រមុះ​ស្រួច និង អង្គការ​ស៊ីលុយ​ពី​ច្រមុះ​ស្រួច ដែល​ស្រែក​ខ្ទរខ្ទារ​ពី​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»​ខណៈដែល​ពួកគេ​បាន​បិទ​ខ្ទប់​បណ្តាញសារព័ត៌មាន​មួយ​
​ចំនួន​ដែល​ផ្សាយ​ពី​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ពេលនេះ​មក​ស្រែក​ពី​សេរីភាព​នៃ​ការ​
​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា​។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន (រូបថតឯកសារ)

​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​២០២២​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានសរសេរថា​“​ដូច​បាន​និយាយ​ពីមុន​អ៊ីចឹង​!​គ្រាន់តែ​តុលាការ​កម្ពុជា​កាត់ទោស​កូនជឹង​គេ​ភ្លាម​លោក​ច្រមុះ​ស្រួច​អង្គការ​ច្រមុះ​ស្រួច​និង​អង្គការ​ស៊ីលុយ​ពី​ច្រមុះ​ស្រួច​ស្រែក​ខ្ទរខ្ទារ​ពី​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​» តែ​ពួកគាត់​ធ្វើ​មិនដឹង​ពី​សំណួរ​ដែល​ខ្ញុំ​សួរ​កាលពី​ជាង​៩០​ថ្ងៃមុន ដែលថា «​ហេតុ​អី​» គាត់​បិទ Russia Today,Sputnik​និង​ដាក់​សារ​ព្រមាន​លើ​រាល់​ការផ្សាយ​នានា​របស់​រុស្ស៊ី​ចាប់តាំងពី​មាន​សង្គ្រាម រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​មក​?​កម្ពុជា​ប្រឆាំង​ការវាយលុក​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​ឈរលើ​គោលការណ៍​ដែល​សម្តេច​តេ​ជោ​បាន​លើក​ហើយ​គឺ​កម្ពុជា​ប្រឆាំង​រាល់​ការ​គំរាម​ប្រើ​កម្លាំង​និង​ការប្រើ​កម្លាំង​ក្នុង​រាល់​ដំណោះស្រាយ​រវាង​ប្រទេសមួយ​និង​ប្រទេសមួយ ប៉ុន្តែ​ចង់ដឹងថា តើ​ពួកគាត់​ប្រើ​ជញ្ជីង​តែមួយ​ក្នុង​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»​នេះ ឬ​យ៉ាងណា​?​។​”

​សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​កញ្ញា សេង ធា​រី បន្ទាប់ពី​តុលាការ​បានចេញ​សាលក្រម​ផ្តន្ទាទោស រយៈពេល​៦​ឆ្នាំ​ពីបទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ ជាមួយ​មេក្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី រួមទាំង​បក្ខពួក​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។

​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២២​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​រួមគំនិត​ក្បត់ ដោយ​ផ្តន្ទាទោស សម រង្ស៊ី , អេង ឆៃអ៊ាង​, ហូរ វ៉ាន់​, តុ វ៉ាន់​ច័ន្ទ​, អ៊ី​ហ្សា ឧស្មាន់​, គង់ សុភា​, ម៉ោញ សារ៉ាត់​, អ៊ូ ច័ន្ទ​ឫទ្ធិ , ឡុង រី​, ម៉ែន សុថា​វរិ​ន្ទ្រ​, អ៊ុ សំអាន ដាក់ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ភ្លាម​។ ចំណែក​ឈ្មោះ ហេង ចាន់​រិ​ទ្ធិ​, លោក ទុំ វ៉ាន់​ថន​, កាក់ កុ​ម្ភា​រ (​នៅក្នុង​ពន្ធនាគារ​) ផ្តន្ទាទោស​រយៈពេល ៦​ឆ្នាំ ដោយ​បន្ត​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បន្តទៀត​។​រីឯ​ឈ្មោះ សេង ច័ន្ទ​ធា​រី (​សេង ធា​រី​), ហេង ដា​រ៉ូ , ឃិត ជំរឿន , តោ និមល និង​បក្ខពួក​មួយចំនួនទៀត​ផ្តន្ទាទោស​៦​ឆ្នាំ​និង​បង្គាប់​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​ភ្លាម​។ មនុស្ស​មួយចំនួនទៀត​ផ្តន្ទាទោស​៥​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ព្យួរ​។​

​នៅក្នុង​សំណុំរឿង​រួមគំនិត​ក្បត់​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​គឺមាន​មនុស្ស​សរុប​ចំនួន​១៣៩​នាក់​ដែលមាន​ការជាប់​ព័ន្ធ​ដោយ​ក្នុងនោះ​មាន​មួយចំនួន​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ មួយចំនួន​នៅក្រៅ​ឃុំ និង​មួយចំនួន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​។​

​ទន្ទឹមនេះ សម រង្ស៊ី និង​បក្ខពួក​ជាង​១០០​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់ ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃទី​២០-២១-២២-២៥-២៦ និង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ និង​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩៕សរន