ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានី បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការចូលរួមសហភាពអឺរ៉ុប (EU) ដោយនិយាយថា ប្រទេសនេះគួរតែត្រូវបានផ្តល់ឋានៈជាបេក្ខភាព “ភ្លាមៗ” ។

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយនៅក្នុងសន្និសីទរួមនៅទីក្រុងគៀវថា “អ៊ុយក្រែនជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុប”។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា អ៊ុយក្រែន​នៅ​តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ចូល​ជា​សមាជិក​ពេញលេញសិន។

ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ថា EU ដែលមានសមាជិក ២៧ ប្រទេសនឹងគាំទ្រអ៊ុយក្រែនរហូតទាល់តែទទួលជ័យជម្នះលើរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានពណ៌នាការបន្តលុកលុយរបស់រុស្ស៊ីថាជាសង្រ្គាម “ប្រឆាំងនឹងអឺរ៉ុបរួបរួម” ដោយបន្ថែមថា “អាវុធមានប្រសិទ្ធភាពបំផុត” គឺការរួបរួមគ្នា។

ពីឆ្វេងទៅស្តាំ ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី ម៉ារីអូ ដ្រាហ្គី អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ប្រធានាធិបតីបារាំងម៉ាក្រុង និងប្រធានាធិបតីរ៉ូម៉ានី ក្លោស អាយអូហានីស (Klaus Iohannis) ជួបពិភាក្សាគ្នានៅទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍

ហើយគាត់បានអំពាវនាវម្តងទៀតឱ្យបញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតជាបន្ទាន់សម្រាប់អ៊ុយក្រែន ដើម្បីអាចការពារខ្លួនកាន់តែមានប្រសិទ្ធភាព និងរំដោះទឹកដីដែលកាន់កាប់ដោយទីក្រុងមូស្គូ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយនៅថ្ងៃទី ២៤ ខែកុម្ភៈ៕