ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាវាប្រណីតរបស់រុស្ស៊ីប៉ុន្តែរឹបអូសបានដោយសហរដ្ឋអាម៉េរិកតម្លៃ ៣២៥ លានដុល្លារជាមួយនឹងអាងហែលទឹកនិងកន្លែងចតឧទ្ធម្ភាគចក្រ កំពុងធ្វើដំណើរទៅកាន់កោះហាវ៉ៃ ដោយមានទង់ជាតិអាម៉េរិកខណៈវាកំពុងបើកទៅមុខជាមួយនឹងក្រុមនាវិកថ្មីទាំងស្រុង បន្ទាប់ពីមហាសេដ្ឋីដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងប៉ុនប៉ងក្លែងបន្លំកម្មសិទ្ធិរបស់នាវានេះ។

នាវា Amadea ប្រវែង ១០៦ ម៉ែត្រនេះ បានមកដល់ប្រទេសហ្វីជីកាលពីថ្ងៃទី ១៣ ខែមេសា បន្ទាប់ពីធ្វើដំណើររយៈពេល ១៨ ថ្ងៃពីម៉ិកស៊ិក។ វាត្រូវបានរឹបអូសដោយអាជ្ញាធរហ្វីជី បន្ទាប់ពីតុលាការជាន់ខ្ពស់របស់ប្រទេសនេះបានគាំទ្រដីការបស់សហរដ្ឋអាម៉េរិកកាលពីខែមុន ដែលផ្សារភ្ជាប់នាវានេះទៅនឹងការដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី លោក ស៊ូឡីម៉ាន់ កេរីម៉ូវ (Suleiman Kerimov) ។

ទីភ្នាក់ងារ FBI បាននិយាយថា នាវាប្រណីតតម្លៃ ៣២៥ លានដុល្លារនេះត្រូវចំណាយថ្លៃដំណើរការ ២៥ ទៅ ៣០ លានដុល្លារក្នុងមួយឆ្នាំ ហើយសហរដ្ឋអាម៉េរិកនឹងចំណាយថ្លៃដើម្បីថែទាំវា បន្ទាប់ពីរឹបអូសយកវាបាន។

ក្រុមការងារឈ្មោះថា KleptoCapture នៃក្រសួងយុត្តិធម៌អាម៉េរិក បានផ្តោតទៅលើការរឹបអូសយកនាវាប្រណីតនិងទ្រព្យសម្បត្តិប្រណីតផ្សេងទៀតរបស់មហាសេដ្ឋីរុស្ស៊ី ក្នុងគោលបំណងដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

លោក អានថូនី ខូឡេ (Anthony Coley) អ្នកនាំពាក្យក្រសួងយុត្តិធម៌អាម៉េរិក បានបង្ហោះនៅលើ Twitter កាលពីថ្ងៃទី ៧ ខែមិថុនា ថា នាវា Amadea គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក បន្ទាប់ពីត្រូវបានរឹបអូសក្នុងនាមជាទ្រព្យសម្បត្តិដែលគេចវេសពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងមហាសេដ្ឋីរុស្ស៊ីលោក ស៊ូឡីម៉ាន់ កេរីម៉ូវ។

គាត់បានសរសេរថា “សហរដ្ឋអាម៉េរិកមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ូលិសនិងរដ្ឋអាជ្ញានៃប្រទេសហ្វីជី ដែលការប្រកាន់ខ្ជាប់និងការយកចិត្តទុកដាក់របស់ពួកគេចំពោះនីតិរដ្ឋបានធ្វើឱ្យសកម្មភាពនេះអាចធ្វើទៅបាន”៕

នាវា Amadea ឥឡូវដោតទង់ជាតិអាម៉េរិក កំពុងធ្វើដំណើរទៅកោះហាវ៉ៃ