ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា ខាង​ក្រុមហ៊ុន​សាសង់​ភូមិ​កីឡា​(Sport Village) សម្រាប់​ស៊ី​ឆ្នាំ​២០២៣​បាន​សន្យាថា​ខែមករា ឆ្នាំ​២០២៣ នឹង​ប្រគល់​ឲ្យ​ចប់សព្វគ្រប់​ទាំងអស់ ប៉ុន្តែ​អ្វីដែល​យើង​ឃើញ​គឺមាន​ការយឺតយ៉ាវ​មួយចំនួន​ហើយ​។

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) កាល​ថ្ងៃទី​១៥ ខែមិថុនា នេះ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ជំរុញ​ការសាងសង់​ភូមិ​កីឡា (Sport Village) សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក វ៉ាត ចំរើន បានបញ្ជាក់​ពី​ដំណើរ​វិវឌ្ឍន៍​ភូមិ​កីឡា ថា លោក​បណ្ឌិត ថោង ខុន បាន​ចុះមក​ត្រួតពិនិត្យ​ការដ្ឋាន​ភូមិ​កីឡា ដែល​កំពុងតែ​មមាញឹក​នៅក្នុង​ការសាងសង់ ដាស់តឿន​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​ការសាងសង់​នេះ​ទាន់ពេលវេលា​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣​។​

​ភូមិ​កីឡា​អាច​បម្រើ​ឲ្យ​ការ​ស្នាក់នៅ​របស់​ប្រតិភូ​អត្ត​ពលិកម​ន្ត្រី​បច្ចេកទេស​ជាច្រើន​ពាន់​នាក់​អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា និង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ​។​

​ភូមិ​កីឡា​គឺជា​ផ្នែក​មួយ​នៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​កំពុងដំណើរការ​សាងសង់​យ៉ាង​មមាញឹក​លើ​ផ្ទៃដី​ប្រមាណ ៨​ហិច​តា​ដែល​សាងសង់​ជា​បន្ទប់ និង​ខុន​ដូ​សរុប​ជាង ១.៧០០​បន្ទប់ បំពាក់​ដោយ​គ្រឿង​បរិក្ខា​ទំនើបៗ​៕​