ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីតាំងហ្គាសធំបំផុតរបស់រុស្ស៊ីត្រូវបានឆាបឆេះ បន្ទាប់ពីបំពង់បង្ហូរមួយបានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៦មិថុនា បណ្តាលឱ្យអណ្តាតភ្លើងដ៏សន្ធោសន្ធៅហោះឡើងពេញលើមេឃ។

ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បាននិយាយថា អគ្គិភ័យនេះបានឆាបឆេះនៅវេលាម៉ោង ២៖៣០ ព្រឹក នៅតំបន់ឧស្ម័នយូរេនហ្គុយស្កូយ៉េ (Urengoyskoye) ក្នុងតំបន់ស្វយ័តយ៉ាម៉ាឡូ-ណេណេត (Yamalo-Nenets) នៃស៊ីបេរី។

យូរេនហ្គុយស្កូយ៉េគឺជាកន្លែងផ្ទុកឧស្ម័នសកម្មដ៏ធំបំផុតរបស់ពិភពលោក ដោយការផ្គត់ផ្គង់ចម្បងគឺសម្រាប់អឺរ៉ុបតាមរយៈបំពង់យ៉ាម៉ាល់-អឺរ៉ុប (Yamal-Europe) ។

ទោះបីជាក្រុមហ៊ុន Gazprom និយាយថាភ្លើងត្រូវបានពន្លត់ក៏ដោយ ក៏ប៉ុន្តែព័ត៌មាននេះនឹងបង្កឱ្យមានការបារម្ភអំពីការរំខានការផ្គត់ផ្គង់ និងការកើនឡើងថ្លៃថាមពលបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ដែលកំពុងស្ថិតក្នុងវិបត្តិថាមពលរួចទៅហើយ។

តំបន់ឧស្ម័នយូរេនហ្គុយស្កូយ៉េឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃព្រហស្បតិ៍

លើកចុងក្រោយដែលភ្លើងឆាបឆេះតំបន់នេះក្នុងខែសីហាឆ្នាំមុន វាបាននាំឱ្យផលិតកម្មធ្លាក់ចុះយ៉ាងខ្លាំងនិងឃើញតម្លៃកើនឡើងខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ អគ្គិភ័យនោះបានកើតឡើងនៅរោងចក្រកែច្នៃ ដែលឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ឆ្លងវាដើម្បីទៅកាន់អឺរ៉ុប។

ក្រុមហ៊ុន Gazprom បាននិយាយថា ខ្លួននៅកំពុងធ្វើការវិភាគអំពីទំហំនៃការខូចខាត ប៉ុន្តែមិនមានការរំខានដល់ការផ្គត់ផ្គង់នោះទេ៕