​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ដោយ​ផ្អែក​តាម​សភាពការណ៍​ក្រោយ​ការបោះឆ្នោត មាន​ករណី​បទល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ការបង្ក​របួសស្នាម និង​ក្មេង​ទំនើង នៅក្នុង​ក្រុងព្រះសីហនុ រហូតដល់​សមត្ថកិច្ច បានទទួល​រងរបួស​ស្នាម​ក្នុងពេល​កំពុង​ប្រតិបត្តិ​ការបង្ក្រាប​។ លោក​បាន​បញ្ជាក់ថា ការធ្វើ​ចរាចរណ៍ លក់ដូរ និង​បញ្ចេញ​អាវុធ​ដោយ​ខុសច្បាប់ គឺ​ទាមទារ​ឱ្យធ្វើ​ការស្រាវជ្រាវ​រក​ប្រភពដើម ដើម្បី​ឈានទៅ​បង្ក្រាបបាន​ទាន់ពេលវេលា​។

​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​យ៉ាង​ដូច្នេះ នៅក្នុង​ការដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ។

​លោក​ក៏បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា គ្មាន​ការលើកលែង​ជាដាច់ខាត ចំពោះ​អ្នក​ចរាចរណ៍ ជួញដូរ ប្រើប្រាស់ និង​ផ្តល់​អាវុធ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​ស្រាវជ្រាវ​ឱ្យដល់​ឫសគល់ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

​ចំពោះមុខ លោក​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានដាក់​ចេញ​នូវ​បទបញ្ជា និង​វិធានការ​ដូចខាងក្រោម​៖

១-​គណៈបញ្ជាការ​ក្រុង​ស្រុក ត្រូវ​រៀបចំ​គោលដៅ​បង្កើន​ត្រួតពិនិត្យ​អាវុធ ចល័ត​គោលដៅ និង​ពេលវេលា ដើម្បី​ទប់ស្កាត់​ការ​នាំចូល​អាវុធ​ពី​ខាងក្រៅ (​មិនឱ្យ​ដាក់​ប៉ុស្តិ៍​ជាដាច់ខាត​)​។​
២-​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត បន្ត​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ក្រុងព្រះសីហនុ និង​ល្បាត​ជាប្រចាំ ដោយ​ពាក់អាវ​ការពារ​ខ្លួន​ជៀសវាង​គ្រោះថ្នាក់​។​
៣-​ពង្រឹង​ការត្រួតពិនិត្យ​អាវុធ បើ​ជួប​ករណី​អាវុធ​ដែល​មិនមាន​លិខិតស្នាម​គ្រប់គ្រាន់​តាម​គោលការណ៍​នៃ​ការគ្រប់គ្រង​អាវុធ គឺ​ត្រូវ​យកមក​សួរនាំ​ឱ្យបាន​ច្បាស់លាស់​។​
៤-​បន្ត​អនុវត្ត​ចំពោះ​ទីតាំង​ណា​ដែល​កើតមាន​ការប្រើប្រាស់​អាវុធ ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទីតាំង​នោះ គឺ​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល​ឆែកឆេរ និង​ត្រួតពិនិត្យ​ទីតាំង​នោះ​ទាំងអស់​៕​