ដោយៈ​ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​អាងទឹក​ស្វាហាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ប្រើ​កញ្ចប់​ថវិកា បានមកពី​ហិរញ្ញប្បទាន របស់​សាធារណរដ្ឋ​ឥណ្ឌា បាន​ឈានដល់​ការចាប់ផ្តើម សិក្សា​លម្អិត មុន​ទៅដល់​មានការ​ដេញថ្លៃ គម្រោង​នេះ ។ ​គម្រោង​នេះ អាច​នឹង​ប្រើប្រាស់​បាន នៅក្នុង​រយៈពេល ៤ ឆ្នាំ​បន្ទាប់ ប្រសិនបើ​គ្មាន​ឧ​ប​ស័គ្គ អ្វី​ទៀត​ទេនោះ​។ គម្រោង​សាងសង់ អាងទឹក​ស្វាហាប់ ជា​គម្រោង​ទី​២ នៃ​ស្ទឹង​ព្រែក​ត្នោត ដែល​អាច​ស្តុក​ទឹក បាន​ប្រមាណ​ជា ពី ១២០ ទៅ ១៣០ លាន​ម៉ែត្រគូប ដូចជា​អាងទឹក​តា​សាល នៅក្នុង​ស្រុក ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នោះដែរ​។​

​លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក ស្ទឹង​ស្វាហាប់ ក្រោម​ហិរញ្ញប្បទាន ពី​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ចាប់ផ្តើម​ធ្វើការ​សិក្សា​លម្អិត នូវ​ការសាងសង់ ទំនប់​អាងទឹក​ស្ទឹង​ស្វាហាប់ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយនឹង​ប្រព័ន្ធ​ស្រោចស្រព ពាក់ព័ន្ធ នៅក្នុង​តំបន់ នៅពេល​ខ្លី​ខាងមុខ ។​

​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក ប៊ុន ហ៊ាន មានការ​ចូលរួម​ពី​លោក ម៉ៅ ហាក់ អនុប្រធាន អាជ្ញាធរ​ទន្លេសាប , លោក ហ៊ី​ម៉ា​ស៊ូ ហ្គូ​យ៉ា​ល (Himanshu Goyal ) ទីប្រឹក្សាបច្ចេកទេស​ឥណ្ឌា WAPCOS , លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ ព្រមទាំង​សហការី ។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុ​និ​តុ​យម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​ថាៈ គម្រោង​សាងសង់​អាងទឹក ស្វាហាប់ មាន​កញ្ចប់​ថវិកា សម្រាប់ធ្វើ​ការសាងសង់​ហើយ ពេលនេះ បាន​ដល់​ដំណាក់កាល ចុះ​ធ្វើការ​សិក្សា​លម្អិត មុន​ឈានទៅដល់​ការដេញថ្លៃ ដោយ​ប្រើ​ហិរញ្ញប្បទាន បានមក ពី​សាធារណរដ្ឋ​ឥណ្ឌា​។ គម្រោង​នេះ បើសិនជា​គ្មានអ្វី​ជា​ឧ​ប​ស័គ្គ​ទៀត​ទេ អាច​នឹង​ប្រើប្រាស់ បាន នៅក្នុង​អំឡុងពេល ៤ ឆ្នាំ​បន្ទាប់​ពីនេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ តាម​គម្រោង​ដែល​បាន រៀបចំ​បឋម អាងទឹក​នេះ អាច​ស្តុក​ទឹកបាន ប្រហាក់ប្រហែល​នឹង​អាងទឹក​តា​សាល នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ ក្នុង​រង្វង់​ពី ១២០ ទៅ ១៣០ លាន​ម៉ែត្រគូប​។

​បន្ទាប់ពី​គម្រោង​សាងសង់ អាងទឹក​ស្វាហាប់ នៅមាន​គម្រោង​អាងទឹក​ស្ទឹង​ឃ្លាច មួយទៀត ដែល​ក្រុមការងារ​របស់​ក្រសួង បាន​ចុះទៅ​ពិនិត្យមើល​ភូមិសាស្ត្រ និង​ប្រមូល​ទិន្នន័យ ដើម្បី​ឈានទៅ​ធ្វើការ​សិក្សា​បឋម ជាមួយគ្នានេះ ក្រសួង ក៏បាន​ស្វែងរក​ជួយ​គាំទ្រ ពី​ភាគី​បារាំង រួចហើយ​ដែរ​។​

​ទំនប់​ស្វាហាប់ ជា​ទំនប់​ទី​២ នៅ​អាង​ស្ទឹង​ព្រែក​ត្នោត បន្ទាប់ពី អាងទឹក​ទំនប់​តា​សាល ។ អត្ថប្រយោជន៍ នៃ​អាងទឹក​នេះ សម្រាប់​ស្រោចស្រព​, ផ្គត់ផ្គង់​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ , កាត់បន្ថយ​ទឹកជំនន់​, ទេសចរណ៍ , និង​បន្សាំ​ជាមួយ ការប្រែប្រួល អាកាសធាតុ ជាដើម​៕/V​