ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជនម្នាក់ បើកម៉ូតូ ឌុបនារីម្នាក់ពីក្រោយ ចេញពីក្លិបកម្សាន្ដ មួយកន្លែង ហើយនៅពេលបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទំនិញ ធុនធំ បើកលឿន ជ្រុលទៅបុកចំពីមុខ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ រួចកិនពីលើស្លាប់ទាំង ពីរនាក់ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្ក បានបន្តបើករត់ទៅមុខ តែត្រូវបានប្រជាពលរដ្ឋ ដេញពីក្រោយ តាមឃាត់បាន ទាំងរថយន្ត និងអ្នកបើកបរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤និង៣០នាទី ព្រលឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថាៈ សពជនរងគ្រោះ ទី១ មានឈ្មោះហៅខ្មៅ ភេទប្រុស អាយុជាង ២០ ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង។ សពទី២ មានឈ្មោះ អាមី ភេទស្រី អាយុជាង ២០ ឆ្នាំ មុខរបរ ជាអ្នកលក់ស្រាក្រឡុក មានស្រុកកណើត នៅខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនកើតហេតុ គេបានឃើញ យុវជនម្នាក់ បើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FL-6766 ជិះឌុបនារីម្នាក់ទៀតពីក្រោយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើតទៅ​ ខាងលិច ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ឆ្លងចូលទៅផ្លូវម្ខាងទៀត។ នៅពេលបត់ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7817 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀត ត្រូវជាប្រពន្ធ បើកតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងលិច មកខាងកើត យ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ រួចកិនពីលើជនរងគ្រោះ ស្លាប់ទាំង ពីរនាក់ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ រថយន្តបង្ក មិនបានឈប់ដោះស្រាយនោះទេ ព្យាយាមបើករត់ទៅមុខ រហូតមកដល់ផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបប្រជាពលរដ្ឋ ឃាត់បានរទាំងថយន្ត​ និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង ស្ទូចយករថយន្ត និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំងពីរ សមត្ថកិច្ច បានធ្វើកំណត់ហេតុរួច ដើម្បីស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC