ដោយៈ សរិទ្ធ / កណ្តាល៖ យុវជនជាជនជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីនាំបក្ខពួក ពីរនាក់ ចូលឃ្លាំងលួច សម្ភារៈរបស់ថៅកែខ្លួនឯង ។ អំពើចោរកម្មនេះ កើតឡើងកាលពីវេលារំលងអធ្រាត្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងរបស់ជនរងគ្រោះ ស្ថិតនៅភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ វ៉ាន់ ស៊ីថាន់ ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ខេត្តកណ្តាល មុខរបរ លក់ដូរ ។
ដោយឡែក ជនសង្ស័យមានគ្នា បីនាក់ គឺទី១ ឈ្មោះ ថា សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម និង ពីរនាក់ទៀត កំពុងរត់គេចខ្លួន ។

សមត្ថកិច្ច បានឱ្យដឹងទៀតថាៈ មុនពេលកើតហេតុ ជនរងគ្រោះ បានទុកមួយចំនួន នៅក្នុងឃ្លាំង ដោយបានចាក់សោទ្វាររបង និងសោរឃ្លាំងដូចសព្វដង ។ ក្រោយមក ជនរងគ្រោះ បានហៅជនសង្ស័យ ដែលជាកម្មកររបស់ខ្លួន ដែលស្នាក់នៅបន្ទប់ផ្ទះជួល ជាប់ខាងក្រោយឃ្លាំង មកមើលលូស្ទះ ហើយប្រគល់សោររបងឃ្លាំង ឱ្យទុកចាក់ ធ្វើលូស្ទះ ស្រាប់តែជនសង្ស័យ បានលួចដោះយកសោទ្វាររបងឃ្លាំង ទុកមិនប្រគល់ឱ្យជនរងគ្រោះ វិញឡើយ ហើយនៅពេលយប់ ជនសង្ស័យ បានចាក់សោរទ្វាររបងឃ្លាំង ឱ្យបក្ខពួកខ្លួន ពីរនាក់ទៀត ធ្វើសកម្មភាពឆ្កឹះទ្វារឃ្លាំង លួចយកម៉ូតូ ២ គ្រឿង និងម៉ាស៊ីនខ្យល់ សម្រាប់បាញ់ថ្នាំ យកទៅលាក់ទុក ក្នុងបន្ទប់ជួលរបស់ខ្លួន ហើយបានដោះគ្រឿងម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគី ស្មាសវី លក់ និង ម៉ូតូ១គ្រឿងទៀត ម៉ាក Honda Today លក់ឱ្យអ្នកទិញ អេតចាយ បានលុយ ៧០.០០០ រៀល ចែកគ្នាចាយអស់ ។

រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅពេលជនរងគ្រោះ ទៅបើកឃ្លាំង ដើម្បីយកម៉ូតូជិះ ស្រាប់តែបាត់អស់ ។ ពេលនោះ ជនរងគ្រោះ មានការសង្ស័យ លើឈ្មោះ សំណាង ហើយ បានតាមរក តែរកមិនឃើញ ក៏ទៅមើលបន្ទប់ជួលរបស់ ជនសង្ស័យតាមបង្អួច បានឃើញម៉ូតូ និងម៉ាស៊ីនខ្យល់របស់ខ្លួន នៅក្នុងបន្ទប់នោះ ទើបប្តឹងសមត្ថកិច្ច ជួយស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ រួមទាំងវត្ថុតាង យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាល ក្រុងតាខ្មៅ ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី ៕/V-PC