ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ត្រីកសិកម្មថ្នាក់ក្រោមជាតិ ដោះស្រាយពូជស្រូវ ដែលមានក្នុងដៃ ជូនកសិករ ដែលខ្វះគ្រាប់ពូជ ឱ្យបានទាន់ពេលវេលា។ លោករដ្ឋមន្ត្រី បានណែនាំបែបនេះ នៅពេលលោក បានអញ្ជើញចុះពិនិត្យសកម្មភាព ការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងចាប់ផ្តើមភ្ជួររាស់ ពង្រាបដី និង ព្រោះស្រូវ នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ ដោយលោកបានជួបជាមួយកសិករ ដែលជាម្ចាស់ស្រែ ប្រមាណ ៥០ នាក់ ។

លោករដ្ឋមន្ត្រី បានសួរនាំអំពីការងារបង្កបង្កើនផល ពិសេសនោះ បងប្អូនប្រជាពលរដ្ឋ ដែលបានជួបបញ្ហាព្រោះរួច តែត្រូវរលួយទៅវិញ ដោយសារទឹកភ្លៀងជោកជាំ កាលពីដើម ខែឧសភា។ បច្ចុប្បន្ន ពួកគាត់ បានចាប់ផ្តើមភ្ជួររាស់ និងព្រោះស្រូវឡើងវិញ ប៉ុន្តែខ្លះ ក៏ជួបបញ្ហាខ្វះពូជស្រូវ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយ អាជ្ញាធរមូលដ្ឋាន សិក្សាពីតម្រូវការគ្រាប់ពូជស្រូវ ជាក់ស្តែង រួចពិនិត្យលទ្ធភាពដោះស្រាយ ជូនប្រជាពលរដ្ឋ នូវស្រូវពូជ ដែលមានសេសសល់ នៅក្នុងដៃ ឲ្យបានទាន់ពេល ព្រោះការស្នើ សុំទៅប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា អាចត្រូវការពេលវេលា ច្រើន។

ឆ្លៀតយកឱកាសនេះ លោក វេង សាខុន រដ្ឋមន្ត្រីបានសង្ខេបជូនព័ត៌មានសំខាន់ៗ ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ន មានជាអាទិ៍៖ បញ្ហាខ្វះស្បៀង ប្រេងឥន្ធន: និងជីកសិកម្មឡើងថ្លៃ ។ល។ ស្វែងយល់ពីបញ្ហានេះ ដើម្បីធានាសន្តិសុខស្បៀង សម្រាប់កម្ពុជា ។

លោករដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ អនុវត្តសេចក្តីណែនាំ លេខ ៣០៧ សណន កសក ស្តីពី “ការជំរុញផលិតកម្មដំណាំស្រូវ រដូវវស្សាឆ្នាំ២០២២” ឲ្យមាន ប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ត្រូវរួមគ្នាគិតគូរដោះស្រាយបញ្ហា ជូនប្រជាកសិករ ឲ្យបានទាន់ពេល ជារួម និងដោយឡែក នោះគឺការឧបត្ថម្ភពូជស្រូវ ក្នុងសមត្ថកិច្ចរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងករណីលើសពីដែនសមត្ថកិច្ច របស់ក្រសួង ត្រូវសហការជាមួយ លោកអភិបាលនៃគណៈអភិបាលខេត្ត លើកសំណើទៅគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោះស្រាយជូនកសិករ បានទាន់ពេល។

លោករដ្ឋមន្ត្រី បានអំពាវនាដល់ប្រជាកសិករ​គ្រប់រូប គួរកាត់បន្ថយការប្រើជីគីមី មកប្រើជី ធម្មជាតិ ឬជីកុំប៉ុស្តិវិញ កាត់បន្ថយពូជស្រូវ ប្រើពូជស្រូវដែលទីផ្សារត្រូវការខ្ពស់ និងត្រូវចុះស្រែ មើលថែស្រូវ ឲ្យបានជាប់ជាប្រចាំ ប្រយ័ត្នខ្យង ក្តាម និងកណ្តុរ កាត់ស៊ីស្រូវ ពិសេសមើលទឹក ក្នុងស្រែ។ យើងបានយល់អំពីបញ្ហាប្រែប្រួលអាកាសធាតុ ធ្វើឲ្យរបបទឹកភ្លៀងមិនទៀងទាត់ ជួនជន់លិច ជួនរាំងស្ងួត ដែលជាដើមចម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មស្រូវ ហេតុនេះ កសិករ ត្រូវសម្របខ្លួនឲ្យទាន់ ទាំងការងារកសិកម្ម និងជីវិតរស់នៅប្រចាំថ្ងៃ។ ចំពោះការងារកសិកម្ម គួរប្តូរមុខដំណាំឲ្យស្របតាមធនធានទឹក ដែលមានជាក់ស្តែង ដាំដំណាំ ដែលប្រើទឹកតិច ហើយមិនគួរពង្រីកផ្ទៃដីដាំដុះទេ បើគ្មានទឹកគ្រប់គ្រាន់។ សូមកុំរំពឹងទាំងស្រុង លើដំណាំស្រូវ តែត្រូវមានដំណាំរួមផ្សំ បន្លែបង្ការ ត្រី សត្វ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕/V-PC