ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ មិថុនាថា ក្រុមមន្ត្រីជាន់ខ្ពស់អាម៉េរិកកំពុងពិភាក្សាអំពីលទ្ធភាពហៅទូរស័ព្ទរវាងប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនភីង នៅរដូវក្តៅនេះ។

ការលាតត្រដាងនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់លោកបៃដិន គឺ លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) បានជួបពិភាក្សារយៈពេល៤ម៉ោងកន្លះក្នុងប្រទេសលុចសំបួជាមួយមន្ត្រីការទូតកំពូលរបស់ចិនលោក យ៉ាង ជីឈី (Yang Jiechi) អំពីបញ្ហាជាច្រើន។

លោកបៃដិននិងលោកស៊ីបាននិយាយគ្នាចុងក្រោយនៅថ្ងៃទី ១៨ ខែមីនា ជាការសន្ទនាមួយដែលគ្របដណ្ដប់ដោយការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិកថា ចិនអាចនឹងផ្តល់ជំនួយជាសម្ភារៈសម្រាប់រុស្ស៊ីក្នុងវាយលុកលើអ៊ុយក្រែន។

ចាប់តាំងពីពេលនោះមក ក្តីបារម្ភកាន់កើនឡើងថា កូរ៉េខាងជើងអាចនឹងរៀបចំផែនការសាកល្បងអាវុធនុយក្លេអ៊ែរ។

លោកបៃដិននិងលោកស៊ីអាចនឹងសន្ទនាគ្នាតាមទូរស័ព្ទនៅខែកក្កដា

មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា “មានការពិភាក្សាអំពីលទ្ធភាពចូលរួមសន្ទនារវាងលោកបៃដិននិងលោកស៊ី ប៉ុន្តែយើងមិនបានគ្រោងធ្វើអ្វីឬបញ្ជាក់អ្វីមួយនៅពេលនេះបានទេ”។

ប្រភពមួយដែលដឹងពីផែនការនេះបាននិយាយថា លទ្ធភាពហៅទូរស័ព្ទនារដូវក្តៅនេះអាចនឹងមកដល់នៅខែកក្កដា ប៉ុន្តែរាល់ការជួបគ្នាផ្ទាល់របស់មេដឹកនាំទាំងពីរនឹងរង់ចាំរហូតដល់បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនចប់សិននៅចុងឆ្នាំនេះ៕