​ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នា​យប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ជម្រើស​កម្ពុជា ទៅ​ចូលរួម​ប្រកួត កីឡាហែលទឹក ជ្រើសរើស​ជើងឯក​ពិភពលោក លើក​ទី​១៩ ឆ្នាំ​២០២២ ” the 19th FINA World Swimming Championships ” នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ដ (Budapest) ប្រទេស​ហុង​គ្រី ។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក តំណាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​ឲ្យ​ដឹង តាម​ប្រព័ន្ធ​អន​ឡាញ​ថាៈ ការប្រកួត​ជើងឯក​ពិភពលោក សហព័ន្ធ​ខ្មែរ​ហែល ទឹក បញ្ជូន​កីឡាករ ចំនួន ៤ នាក់ ទៅ​ចូលរួម រួមមាន ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ២ នាក់ ហើយ​ការប្រកួត​នេះ ចាំបាច់​សហព័ន្ធ ត្រូវតែ​ទ​ចូលរួម ដើម្បី​ចូលរួម​ជា​សមាជិក របស់​សហព័ន្ធ​ហែល​ទឹក​ពិភពលោក ( FINA ) ។​

​លោក​បាន​បន្តថាៈ ចំណែក​ប្រធាន​ប្រតិភូ លោក នាង សូ​រិ​ទ្ធិ​យ៉ា តំណាង​សហព័ន្ធ​ខ្មែរ​ហែល​ទឹក ចូលរួម​ប្រជុំ​មហា​សន្តិ​បាត​សហព័ន្ធ​ហែល​ទឹក​ពិភពលោក ( FINA ) នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។ ចំពោះ​ការប្រកួត​លើក​នេះ សម្រាប់​ការត្រៀមខ្លួន ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​អូឡាំពិក​ផងដែរ​។

​លោក​បាន​បន្ថែមទៀតថាៈ កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កម្ពុជា ២​នាក់ គឺ​កីឡាការិនី សុខ វរលក្ខណ៍ និង​កីឡាករ ឆា​លី​ស រចនា បេន​នី​ឈី ។ ចំពោះ​កីឡាករ ឆា​លី​ស រចនា បេន​នី​ឈី លើ​វិញ្ញាសា​ហែល ១០០ ម៉ែត្រ​ផ្ងារ និង ៤០០​ម៉ែត្រ​សេរី រីឯ​កីឡាការិនី សុខ វរលក្ខណ៍ លើ​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​កង្កែប និង ៥០​ម៉ែត្រ​សេរី​៕/V​