ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ វីដេអូមួយ ដែលបង្ហាញប៉ូលិសឥណ្ឌាវាយដំក្រុមជនមូស្លីមនៅក្នុងមន្ទីរឃុំឃាំង ត្រូវបានមើលដោយមនុស្សរាប់លាននាក់ បន្ទាប់ពីវាត្រូវបានចែករំលែកដោយសមាជិកជាប់ឆ្នោតម្នាក់នៃគណបក្សកាន់អំណាច BJP ដែលបានសរសើរសកម្មភាពដ៏ឃោរឃៅរបស់ប៉ូលិសថាជា “កាដូ” ដល់ក្រុមបុរសទាំងនោះ។

មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ចំពោះ​មន្ត្រី​ប៉ូលិសពាក់ព័ន្ធទាំង​នោះ​ទេ។ ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​រង​ការ​វាយដំនេះបាន​និយាយ​ថា មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​គ្មាន​ទោសកំហុសទេ ហើយ​គួរ​តែ​មាន​សេរីភាព។

“នេះ​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ គេ​វាយ​គាត់​ខ្លាំង​ណាស់ គាត់​ស្រែកយ៉ាងឈឺចាប់​ខ្លាំង​ណាស់”។

នាងហ្សេបា (Zeba) បានសម្រក់ទឹកភ្នែកនិងញ័រដៃ ខណៈនាងកាន់ទូរស័ព្ទដៃមើលវីដេអូដ៏គួរខ្លោចចិត្តរបស់ប្អូនប្រុងនាងឈ្មោះ សាអ៊ីហ្វ (Saif)។

ក្រុមគ្រួសារបានត្រឹមស្រក់ទឹកភ្នែកអាណិតសាច់ញាតិដែលត្រូវប៉ូលិសវាយយ៉ាងឃោរឃៅ

នាងបាននិយាយថា “ខ្ញុំមិនអាចសូម្បីតែមើលវីដេអូនេះ គាត់កំពុងរងការវាយដំយ៉ាងធ្ងន់ធ្ងរ” ខណៈនាងត្រូវបានលួងលោមដោយសាច់ញាតិនៅផ្ទះរបស់នាងក្នុងទីក្រុងសាហារ៉ានពួ (Saharanpur) ភាគខាងជើងប្រទេសឥណ្ឌា។

​វីដេអូ​ដ៏​សោកសៅនេះបាន​បង្ហាញ​ប៉ូលិស​ឥណ្ឌា​ពីរ​នាក់​កំពុងយកដំបងវាយលើ​ក្រុម​បុរស​មូស្លីម​ដែល​កំពុង​ជាប់​ឃុំ​ ក្នុង​នោះ​រួមមាន​ទាំង​ប្អូន​ប្រុស​របស់នាងហ្សេបាផង​ដែរ។

គេអាចមើល​ឃើញ​ពួក​មន្ត្រី​វាយ​បុរសទាំងនោះ​ដោយ​ដំបង ដែលហាក់ដូចជាពួកគេកំពុង​វាយ​កូន​បាល់យ៉ាងអ៊ីចឹង។ សំឡេង​ស្រែកឈឺចាប់បានឮខ្លាំងលប់បាត់លើសំឡេងដំបូងដែលវាយលើសាច់។

បុរសមួយចំនួនស្រែកថា “ឈឺណាស់ ឈឺណាស់…សូមឈប់វាយទៅ!” ខណៈ​ពួក​គេបែរ​ខ្នងទល់ជញ្ជាំងទាំងក្តីភ័យរន្ធត់។

ខណៈការវាយនៅតែបន្ត បុរសពាក់អាវយឺតពណ៌បៃតងម្នាក់បានលើកដៃអធិស្ឋាន។ សាអ៊ីហ្វ​ពាក់​អាវ​ពណ៌​សក៏ឃើញ​លើក​ដៃសំពះសុំចុះចាញ់ប៉ូលិសផងដែរ។

សាអ៊ីហ្វអាយុ ២៤ ឆ្នាំគឺជាបុរសមូស្លីមម្នាក់ក្នុងចំណោមបុរសអ៊ីស្លាមរាប់សិបនាក់ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសកាលពីសប្តាហ៍មុន។

មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅវិហារអ៊ីស្លាមក្នុងទីក្រុងសាហារ៉ានពួ បន្ទាប់ពីការអធិស្ឋានកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយចូលរួមការតវ៉ាទូទាំងប្រទេសជុំវិញការលើកឡើងដ៏ក្តៅគគុកអំពីព្យាការីម៉ូហាម៉េត ដែលធ្វើឡើងដោយលោកស្រី នូពួ សាម៉ា (Nupur Sharma) ជាអ្នកនាំពាក្យសម្រាប់គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) ដែលកំពុងកាន់អំណាច។

ក្រោយ​មក គណបក្ស​បាន​ព្យួរការងាររបស់​លោកស្រី​ចំពេល​មាន​ការ​តវ៉ា​ពី​ប្រជាជាតិអ៊ីស្លាម ហើយ​បាន​និយាយ​ថា ខ្លួន​ប្រឆាំង​នឹង​ការ​ប្រមាថ​សាសនា​ទាំងឡាយ៕