ដោយៈ បាយ័ន / សៀមរាបៈ កំឡុងពេលធ្វើកំណាយស្រាវជ្រាវ នៅផ្នែកខាងជើង ស្ពានហាល នៃខ្លោងទ្វារតាកាវ បានរកឃើញបំណែក រូបទេវតាទាញព្រ័ត្រ ដែលរំលំធ្លាក់ពីស្ពានហាល ចូលក្នុងកសិន្ធុ ផ្នែកខាងជើង និងបានកប់ក្នុងដី អស់រយៈពេល រាប់រយឆ្នាំ កន្លងមក។

បំណែករូបទាំងអស់ ត្រូវចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញ ពីក្នុងរណ្តៅកំណាយ មកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់ នៅតាមទីកន្លែង ដើមវិញ។ អាជ្ញាធរជាតិអប្សរា បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។

អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្ស ក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ បាននិយាយថាៈ ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរ ប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា ១០ សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗ រួមមានបំណែកដង ខ្លួនរូបទេវតាទាញព្រ័ត្រ បំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។ ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុក នៅទីស្នាក់ការនគរបាលបេតិភណ្ឌ ដើម្បីរក្សាសុវត្ថិភាព។ រីឯព្រះសិរ ចំនួន ២ ផ្សេងទៀត មានព្រះសិរ១ បែកពាក់កណ្តាល ជា ២បំណែក ហើយព្រះសិរ ១ទៀត មានសភាពសឹករេចរឹល និងផុយស្រួយខ្លាំង ដែលតម្រូវឱ្យរង់ចាំ រហូតដល់សាច់ថ្មរឹងមាំល្អ មុននឹងអាចផ្លាស់ទីព្រះសិរនេះ ទៅកន្លែងជួសជុល។

អ្នកស្រី ធីតា បានបន្ថែមថាៈ ការរកឃើញបំណែកបដិមាទាំងអស់នេះ ផ្តល់ជាប្រយោជន៍ យ៉ាងសំខាន់ សម្រាប់ការជួសជុល ចម្លាក់ទាញព្រ័ត្រ នៅស្ពានហាល ខ្លោងទ្វារតាកាវ បានគ្រប់គ្រាន់ ដូចដើមឡើងវិញ។ អ្នកស្រី បានបញ្ជាក់ថាៈ មកដល់ពេលនេះ ការងារកំណាយ បានរកឃើញ បំណែកចម្លាក់ទេវតា បានប្រមាណជា ៣០ ភាគរយ ហើយបំណែកចម្លាក់ មួយផ្នែកធំទៀត បានដួលរលំ នៅលើតួស្ពានហាល។

អ្នកជំនាញរូបនេះ បានបន្តឱ្យដឹងថាៈ ការធ្វើកំណាយ នៅដំណាក់ដំបូង មិនទាន់ដល់ ស្រទាប់ដីដើម ក្នុងសម័យសាងសង់ ស្ពានហាលនៅឡើយ។ បន្ទាប់ពីបញ្ចប់កំណាយ ស្រទាប់ទី១ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើកំណាយ ស្រាវជ្រាវស្រទាប់ទី២ និងបន្តដល់ ស្រទាប់ដីធម្មជាតិ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ នៃស្ពានហាល ដើម្បីឱ្យវិស្វករ ស្ថាបត្យករ រៀបចំពង្រឹងស្ពាន នេះឡើងវិញ។

សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះ បានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕/V