ដោយៈ គង់​ហេង / កំពង់ចាមៈ លទ្ធផល នៃ​គម្រោង​ជួសជុល ផ្លូវ​ក្រាល​កៅស៊ូ កម្រាស់​ពីរ​ជាន់ ប្រភេទ ឌី​ប៊ី​អេស​ធី ( DBST) ចម្ងាយ​ជាង ១៣ គីឡូម៉ែត្រ និង​ការស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម ចម្ងាយ​ប្រមាណ ប្រាំពីរ គីឡូម៉ែត្រ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាធាយ រយៈពេល បី​ខែ កន្លងទៅនេះ​។​

​លោក ប្រាក់ ទិ​ត្យ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​កំពង់ចាម ដែល​បាន​អមដំណើរ​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី នៅ​ថ្ងៃទី ១៦ មិថុនា ម្សិលមិញ បានឱ្យដឹង​នៅ​ថ្ងៃទី ១៧ មិថុនា នេះ​ថាៈ គម្រោង​ជួសជុល​ផ្លូវ​ក្រាល កៅស៊ូ កម្រាស់​ពីរ​ជាន់ ជា​ប្រភេទ ឌី​ប៊ី​អេស​ធី ប្រវែង ១៣.៥៧១ ម៉ែត្រ ដែលមាន​ទទឹង ៨​ម៉ែត្រ និង​ស្មា​សងខាង​មួយ​ម៉ែត្រ ឆ្លងកាត់​ភូមិ​ថ្កូវ ភូមិ​ថ្មកែវ និង​ភូមិ​រោ​ធ ឃុំ​ត្រប់ ស្រុក​បាធាយ សម្រេចបាន​ប្រមាណ ៤០ ភាគរយ​។​

​លោកនាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​កំពង់ចាម បាន​បន្តថាៈ ចំណែក​គម្រោង​ស្ថាបនា​ផ្លូវ ក្រាល​ក្រួស​ក្រហម ដែលមាន​ប្រវែង ៧.០០០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ និង​មាន​កម្រាស់​ក្រួស​ក្រហម ០,២០ ម៉ែត្រ ឆ្លងកាត់​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ វិញ​នោះ សាងសង់​សម្រេចបាន​ប្រមាណ ៩០ ភាគរយ​ហើយ​។​

​លោក​បាន​បន្ថែមថាៈ គម្រោង​ជួសជុល និង​សាងសង់ ផ្លូវ​ទាំងពីរ​ខ្សែ ខាងលើនេះ បានចាប់ផ្តើម​អនុវត្តបាន រយៈពេល បី ខែ​ហើយ គ្រោង​នឹង​បញ្ចប់​ការអនុវត្ត​គម្រោង នៅ​ចុងឆ្នាំ​២០២២ ខាងមុខនេះ​៕/V​