​ដោយៈ​សុផល​/កំពង់ធំ​៖​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នា​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០២២​បាន​ប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ គុណភាព​ដី​និង​គ្រោះរាំងស្ងួត​ក្រោម​ពាក្យស្លោក​“​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះរាំងស្ងួត​”​ឆ្នាំ​២០២២​នៅក្នុង​សហគមន៍​ព្រៃឈើ​ឃ្មុំ​ស្រករ​ថ្លុក​ឬ​ស្សី ភូមិ​ត្រពាំងថ្ម ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី​និង​គ្រោះរាំងស្ងួតនាពេល​នេះ​បាន​ត្រូវធ្វើឡើង​នៅលើ​ទឺ​កដី​ដែល​សម្បូរ​ទៅដោយ​ព្រៃឈើ​ជម្រក​សត្វព្រៃ​ធនធានធម្មជាតិ​និង​សំណង់​ប្រាសាទបុរាណ​សំបូរ​ព្រៃ​គុក​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​ទិវា​នេះ តែងតែ​ប្រារព្ធ​ធ្វើជា​សាកល​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ចាប់តាំងពី​ឆ្នាំ​១៩៩៥ តរៀងមក​។

​លោក​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​រំលេច​នូវ​មូលហេតុ​ផ្សេងៗ ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត ព្រមទាំង​ផលវិបាក​ផ្សេងៗ ដែល​ជះឥទ្ធិពល​មកលើ​សត្តនិក​រ​នៅលើ​ភពផែនដី ពិសេស​ជីវភាព​រស់នៅ និង​សន្តិសុខ​ស្បៀង​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ ព្រឹត្តិការណ៍​នេះ ចង់បង្ហាញ​ឲ្យ​ឃើញ ប្រាប់​ឲ្យ​ដឹង និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិភពលោក​ទៅលើ​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់​ដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​បាននិងកំពុង​ជួបប្រទះ​រៀងរាល់ឆ្នាំ​។ ជាងនេះទៅទៀត កង្វះខាត​ស្បៀងអាហារ និង​ទឹក ការធ្លាក់ចុះ​គុណភាព​ដី ភ្លើង​ឆេះ​ព្រៃ ជំងឺឆ្លង​សត្វ​-​ដំណាំ សត្វល្អិត​ចង្រៃ​បំផ្លាញ​ផលដំណាំគឺ​ភាគច្រើន​បណ្តាលមកពី​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរនិង​មាន​រយ​:​ពេល​យូរបាន​កើតមាន​កាន់តែខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក​បាន​បន្តថា​៖​ចំនួន​ប្រជាជន​ពិភពលោក​នៅតែ​បន្ត​កើនឡើង ធ្វើ​ឲ្យ​តម្រូវការ​ដី​ដើម្បី​ផលិត​ស្បៀង គិត​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ៧០%​នៃ​ផ្ទៃដី​របស់​យើង​ត្រូវ​បាន​​ផ្លាស់ប្តូរ​ជាស​កល​ដោយ​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ផលិតភាព​និង​និរន្តរភាព​នៃ​ធនធាន​ដី​។​ពិតណាស់​កម្ពុជា​ប្រារព្ធ​ពិធី​ថ្ងៃនេះ ស្រប​ពេលដែល​ពិភពលោក​កំពុង​ធ្វើ​សកម្មភាព និង​យុទ្ធនាការ​ពាក់ព័ន្ធ​ជាច្រើន​ដើម្បី​អបអរសាទរ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ សំដៅ​បង្កើន​ចំណាប់អារម្មណ៍​របស់​សាធារណ​: ជន អំពី​សកម្មភាព​ដែល​យើង​កំពុង​ធ្វើជា​រៀងរាល់ថ្ងៃ​ទាក់ទង​នឹង​ការបរិភោគ ស្លៀកពាក់ ជីវិត​រស់នៅ​សុទ្ធតែ​ជះឥទ្ធិពល ឬ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ដី​យើង​ទាំងមូល​។

​លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា​៖​ការធ្លាក់ចុះ​គុណភាព​ដី​ដែលនាំឱ្យ​មានការ​ថយចុះ​ដីស្រែ ចម្ការ ដែល​វិបត្តិ​ទាំងអស់នេះ​បាននិងកំពុង​កើតឡើង​ដោយសារ​ការបាត់បង់​ព្រៃ​ឈើ និង​ប្រព័ន្ធ​បរិស្ថាន រួមទាំង​ការធ្វើសកម្មភាព​លើស​កំណត់ ឬ​លើស​សមត្ថភាព​របស់​ដី ការដាំ​ដំណាំ​តែមួយ​មុខ ការប្រើ​ជី និង​ថ្នាំ​កសិកម្ម​លើស​កម្រិត ឬ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការជីក​យក​រ៉ែ ការសាងសង់​ទំនប់ទឹក​មិន​ត្រឹមត្រូវ ការកាប់បំផ្លាញ​ព្រៃឈើ​ព្រៃ​លិច​ទឹក​ការពង្រីក​ទីប្រជុំជន​ធំៗ​។​បញ្ហា​ទាំងឡាយ​ទាំងពួង​បាន​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ជាច្រើន​ពី​សហគមន៍ជាតិ និង​អន្តរជាតិ ចំពោះ​ផលប៉ះពាល់​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។ ជាក់ស្តែង កម្ពុជា​ក៏​ទទួលរង​គ្រោះ​ផងដែរ​ពី​ការប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះទឹកជំនន់ ការ​កើន​កម្តៅ គ្រោះរាំងស្ងួត និង​ខ្យល់ព្យុះ ដែល​បង្កលក្ខណៈ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​កសិកម្ម ការចិញ្ចឹម​សត្វ ព្រៃឈើ និង​ជល​ផល​ផងដែរ​នាពេល​កន្លងមក​នេះ ។​

​លោក វេ​ង សាខុន បានឱ្យដឹងថា​៖​ទិវា​ដែល​យើង​កំពុង​ប្រារព្វ​នាពេលនេះ​បានបង្ហាញ​អំពី​ឆន្ទៈ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ក្នុង ការចូល​រួមជាមួយ​ពិភពលោក​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​អនុសញ្ញា ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ទប់ ស្កាត់​រហោស្ថាន​កម្ម ឬ​ឱនភាព​ដី​នៅ​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​១៩៩៤​ហើយ​បានផ្តល់​សច្ចាប័ន​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​១៩៩៧​ដោយមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ស្ថាប័ន​បង្គោល​។

​ដើម្បី​លើកទឹកចិត្ត និង​បង្កើន​ចំណាប់អារម្មណ៍​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យបាន​យល់​ជ្រួតជ្រាប​អំពី​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​។ លោក​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​បន្ថែម​លើ​អនុសាសន៍​ដែល​បាន​ជូន​កន្លងមក ជូន​អង្គពិធី ពិសេស​អ្នកពាក់ព័ន្ធ​ផ្ទាល់ ថា​យើង​ត្រូវ​សហការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត​៕Ph