ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ និង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ ហៅ​កាត់​ថា ធី​ម៉ាក សហការគ្នា​បោសសំអាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​ព្រំដែន​។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា នា​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ លោក​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណ​:​ប្រតិភូ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ​(TMAC)​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាម៉ន ត្រៃ​ស៊ូ​តា (SAMAN TRAISUTA) អគ្គនាយករង​ធី​ម៉ាក ។​

​លោក​បាន​បញ្ជាក់ថា ” ក្នុងជំនួប​ពិភាក្សា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាម៉ន ត្រៃ​ស៊ូ​តា បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្រសួងការពារជាតិ ដែល​បាន​អនុញ្ញាតឱ្យ អង្គភាព​CMAC និង​អង្គភាព​TMAC សហការគ្នា​ក្នុងការ​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​ថៃ​។ អង្គភាព​ទាំង​២ ក៏បាន​បញ្ជាក់​ពី​ជំហរ ក្នុង​ការបន្ត​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ស្មារតី​មិត្តភាព រវាង​អង្គភាព​ទាំងពីរ ដើម្បី​ជំរុញ​កិច្ចប្រតិបត្តិការ​ឱ្យទទួល​បាន​ជោគជ័យ ស្របតាម​ការប្រគល់​ភារកិច្ច​ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ ” ។​

​ប្រទេស​កម្ពុជា និង ប្រទេស​ថៃ មាន​ព្រំដែន​ជាប់​គ្នា​ទាំង​សមុទ្រ​និង​ដីគោក​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស ហើយ​ភាគច្រើន​គឺជា​អតីត​លេនដ្ឋាន និង អតីត​សមរភូមិ​ក្តៅ​កាលពី​សម័យ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​៕​