ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ប្រភេទ​ដឹកទំនិញ ផលិត​ឆ្នាំ​២០០០ ពាក់​ផ្លាកលេខ ភ្នំពេញ 3D-5575 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ លេខ​១៥៩C ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច បាន​ក្រឡាប់​ផ្ងារជើង ក្រោយពី​ជួប​ឧបទ្ទវ ហេតុ បុក​គ្នា​ជាមួយ​រថភ្លើង លេខ​៦៦៥៧ ពណ៌​ខ្មៅ​-​លឿង របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​រ៉េ​វេ (ROYAL RAILWAY ) បើកបរ​ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង​។​

​គ្រោះថ្នាក់​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ៨​និង​២០ នាទី យប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០២២ ចំណុច​ផ្លូវ​ប្រសព្វ រវាងផ្លូវ​រថភ្លើង និង​ផ្លូវជាតិ​លេខ ១៥៩C ក្នុងភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុក​មង្គល​បូរី បានឱ្យដឹងថាៈ ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ គឺ​រថភ្លើង បាន​បុក​ជាមួយ​រថយន្ត ពេញទំហឹង ដោយ​អុស​រថយន្ត ចម្ងាយ ប្រមាណ​ជា ៣៨ ម៉ែត្រ បង្ក​ឱ្យ​យាន​ទាំង​២ ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាង​ដែរ ដែល​មិនមាន មនុស្ស​រងគ្រោះថ្នាក់ របួសធ្ងន់ ឬ​ដល់​អាយុជីវិត​។​

​លោក​អធិការ បាន​បន្តថា​: ទោះយ៉ាងណា វា​បង្ក​រងរបួស​ស្រាល អ្នកបើករថយន្ត ឈ្មោះ ពាន់ ពៅ ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​លៀប ឃុំ​ពា​ត់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។​ឯ​អ្នកបើកបរ​រថភ្លើង ឈ្មោះ យុយ យី ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​ធ្នុង​រលីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ មិន​រងរបួស​នោះទេ ។​

​ករណី​នវ សមត្ថកិច្ច បាន​ពន្យល់ថាៈ គ្រោះថ្នាក់​ប៉ះទង្គិច​គ្នា រវាង​រថយន្ត និង​រថភ្លើង កំហុស​បច្ចេកទេស គឺ​នៅ​ខាង​រថយន្ត​។ រីឯ​រថភ្លើង រត់​លើ​ផ្លូវដែក​តែ ១ គន្លង មិនអាច​ចៀស ឬ​គេច​ពី​ឧបសគ្គ​បានទេ​៕/V​