ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ ២០២២ នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​៣ នៅ​ខេត្តកំពង់ស្ពឺ​ដោយមាន​ទុន​សរុប​ប្រមាណ​ជា ជិត ៧០ លាន​ដុល្លារ ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិ ឌ្ឈ​ន៍​កម្ពុជា កាលពី​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទីមួយ គឺ BAOSTEEL CAN MAKING (CAMBODIA) CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥០,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៥​កន្លែង​។ ក្រុមហ៊ុន​ទី​២ គឺ GTV MOTOR CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ដំឡើងរថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ ៦ A និង ៦ B ផ្លូវជាតិ​លេ​៣ ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១៥,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៨​កន្លែង​។ និង ទី​៣ គឺ KONDA FURNITURE CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម (​គ្រោង​ធ្វើ​ពី​អាលុយមីញ៉ូម ដែក និង​ជ័រ​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប់​ចិន ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥៣​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា ដោយឡែក​ខេត្ត​កំពង់​ឆ្នាំ កណ្តាល និង រាជធានី​ភ្នំពេញ​ក៏បាន​ទាក់ទាញ​គម្រោង​វិនិយោគទុន​មួយចំនួន​ផងដែរ ។

​ប្រភព​ដដែល​បាន​បន្តថា ក្រុមហ៊ុន GLOTEC (CAMBODIA) CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដើម​ឫស្សី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៤,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤១​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រុមហ៊ុន ECKL PACKAGING CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣៤​កន្លែង​។​

​និង ក្រុមហ៊ុន K FINE (CAMBODIA) GARMENT CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ A ផ្លូវ​ពៅ​រតនា ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២២០​កន្លែង​៕​