​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ នេះ បានអនុញ្ញាត​ឲ្យ​លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជា​ណា ចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​ស្វែងយល់ អំពី​សក្ដានុពល និង​រក​ឱកាស​វិនិយោគ ក្នុង​ខេត្តស្វាយរៀង ។

 

​នៅក្នុង​ការពិភាក្សា ដែល​បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​រំដួល អគារ ក របស់​សាលាខេត្ត​នោះ លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី បាន​ថ្លែង​នូវ​ការ​អរគុណ ដល់​លោក​អភិបាលខេត្ត ចំពោះ​ជំនួប​នា​ថ្ងៃនេះ ក៏ដូចជា ការសម្របសម្រួល ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក ក្នុង​រយៈពេល ៣ ថ្ងៃ​មកនេះ ក្នុង​ទឹកដី​នៃ​ខេត្តស្វាយរៀង ដែល​លោក និង​ក្រុមការងារ ទទួលបាន​នូវ​ព័ត៌មាន​ជាច្រើន ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ ស្ថានភាព​វិនិយោគ និង​សក្ដានុពល សំខាន់​នានា​របស់​ខេត្តស្វាយរៀង ហើយ​លោក​នឹង​នាំយក​ព័ត៌មាន​ទាំងនេះ ជូន​ដល់​អ្នកវិនិយោគ ឥណ្ឌូនេស៊ី ដើម្បី​សិក្សា​ពី​ឱកាស​វិនិយោគ ក្នុង​ខេត្តស្វាយរៀង ។

​ជាមួយគ្នានេះ លោក ក៏បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​លោក​អភិបាលខេត្ត ដែល​បាន​ផ្ដល់នូវ ការយកចិត្តទុកដាក់ និង​ការពារ​យ៉ាង​ល្អប្រសើរ ដល់​ប្រជាជន​ឥណ្ឌូនេស៊ី ដែល​កំពុងធ្វើការ ក្នុង​ខេត្តស្វាយរៀង និង​សំណូម​ដល់​អាជ្ញាធរខេត្ត ជួយ​ការពារ​បន្តទៀត ។

 

​នាឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជាក់​ជូន អំពី​ស្ថានភាព​ភូមិសាស្ត្រ តំបន់​សក្ដានុពល​សំខាន់ៗ និង​សមិទ្ធផល ដែល​រដ្ឋបាលខេត្ត សម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម ជាពិសេស​ខេត្ត បាន​ក្លាយជា​ប្រភព​ការងារ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ប្រមាណ ១០ ម៉ឺន​នាក់ លើ​វិស័យ​ឧស្សាហកម្ម រោងចក្រ និង​សេវាកម្ម​នានា ជាច្រើន​ទៀត ។

​ទន្ទឹម​នោះ លោក​អភិបាលខេត្ត បាន​ជម្រាបជូន អំពី​ស្ថានភាព​បច្ចុប្បន្ន និង​វិធីសាស្ត្រ​ក្នុងការ​ទប់ ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល ក្នុងនោះ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ តាម​សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល ជាពិសេស​ការសម្រេច បាន​នូវ​ភាពស៊ាំ​សហគមន៍ គ្របដណ្ដប់​ពេញលេញ នៅ​ទូទាំង​ខេត្ត តាមរយៈ​ការចាក់​ស្រោច វ៉ាក់សាំង យ៉ាងហោច ៣​ដូ​ស ជូន​ប្រជាពលរដ្ឋ និង​កំពុង​បន្ត​ចាក់​ដូ​ស​ជំរុញ ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥ បន្ថែមទៀត ស្របតាម​ការដឹកនាំ និង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។

​ជា​ចុងបញ្ចប់ លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​លោក​ឯកអគ្គ រដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែល​បាន​ឆ្លៀត​ពេលវេលា អញ្ជើញ​មក​ទស្សនកិច្ច ក្នុង​ខេត្តស្វាយរៀង នាឱកាស​នេះ ហើយ​ក្នុងនាម​រដ្ឋបាលខេត្ត សូម​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​គម្រោង​វិនិយោគ​នានា ដែល​ឥណ្ឌូណេស៊ី មានបំណង​ចង់​មក បណ្តាក់ទុន នៅ​ខេត្តស្វាយរៀង នាពេលខាងមុខ ហើយ​ចំពោះ​ជនបរទេស​ទាំងអស់ រួមទាំង ប្រជាជន​ឥណ្ឌូណេស៊ី ផងដែរ ដែល​កំពុងស្នាក់នៅ និង​បម្រើ​ការងារ ក្នុង​ខេត្តស្វាយរៀង គឺ អាជ្ញាធរខេត្ត យកចិត្តទុកដាក់​បំផុត​គាំពារ និង​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ពួកគាត់​ជានិច្ច​។

​ទន្ទឹមនឹងនេះ លោក​អភិបាលខេត្ត ក៏មាន​សេចក្ដីសង្ឃឹម​ជឿជាក់ យ៉ាង​មុតមាំ​ថា បន្ទាប់ពី​ជំនួប ជាមួយ​លោក​ឯកអគ្គរដ្ឋទូត នៅថ្ងៃនេះ វិនិយោគិន​ឥណ្ឌូណេស៊ី នឹង​អញ្ជើញ​មក​វិនិយោគ នៅក្នុង​ខេត្តស្វាយរៀង ខណៈដែល​កន្លងមក មិនទាន់មាន​អ្នកវិនិយោគ​ឥណ្ឌូណេស៊ី នៅក្នុង​ខេត្តស្វាយរៀង នៅឡើយ​ទេ​។

​សូម​ជម្រាបជូន​ថា ជំនួប​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​លោក​អភិបាលរង​ខេត្ត លោកនាយក រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត លោក​ប្រធាន មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត លោក​ប្រធាន​អង្គភាព​អគ្គិសនី​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ មួយចំនួនទៀត​៕/V​