ដោយៈ គង់​ហេង​/ កំពង់ចាមៈ វិមានឯករាជ្យ ខេត្តកំពង់ចាម ដែល​ស្ថាបនា​ចម្លង​គំរូ​ប្លង់ វិមានឯករាជ្យ នៅ​រាជធានី​ភ្នំពេញ រចនាបទ​អង្គរ រចនា​ប្លង់​ដោយ​ស្ថាបត្យករ​ខ្មែរ ដ៏​ល្បីឈ្មោះ គឺ​លោក វណ្ណ មូលី​វណ្ណ នៅលើ​ផ្លូវជាតិ​លេខ​៧ ចាស់​នៅជាប់​មាត់ទន្លេ​អុំ ក្រុង​កំពង់ចាម​នោះ បច្ចុប្បន្ន សាងសង់​សម្រេចបាន​ប្រមាណ ៦០ ភាគរយ​ហើយ​។ នេះ​បើ​យោងតាម​ការចុះ ពិនិត្យ ដល់​ការដ្ឋាន​សំណង់​ប្រវត្តិសាស្ត្រ​មួយ​នេះ របស់លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី​ជាច្រើនរូប នៅ​ថ្ងៃទី​១៧ មិថុនា នេះ​។​

​លោក ណាំ វុត្ថា ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សុរិយាដី ខេត្តកំពង់ចាម និង​ជា​អ្នកគ្រប់គ្រង ការដ្ឋាន​សំណង់​វិមានឯករាជ្យ​នេះ បានឱ្យដឹងថាៈ ការងារ​ចាក់គ្រឹះ​តួ​វិមាន យើង​សាងសង់​លឿន​ទេ ប៉ុន្តែ​កន្លងមក មានការ​ផ្លាស់ប្តូរ​ប្លង់ ធ្វើឱ្យ​ដំណើរការ​ស្ថាបនា មានការ​យឺត​យាវ​។ ឥឡូវនេះ ការងារ​តូចតាច ប្រមាណ ៤០ ភាគរយ​ទៀត គឺជា​ការងារ​ក្បូរក្បាច់ បំពាក់​ក្បាល​នាគរា​ជ្យ ប្រើពេល​យូរ ។​

​លោក​ជា​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់ វិមានឯករាជ្យ​ខេត្តកំពង់ចាម បាន​បន្តថាៈ ប៉ុន្តែ​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត​នេះ បាន​ជំរុញ​ឱ្យ​ការស្ថាបនា​វិមានឯករាជ្យ​នេះ ឱ្យបាន​ហើយ រួចរាល់ នៅមុន​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា រៀបចំ​ពិធី​បុណ្យជាតិ ៩ វិច្ឆិកា នៅ​ទីតាំង​វិមានឯករាជ្យ​ថ្មី របស់​ខេត្តកំពង់ចាម តែម្តង​។​

​គួរ​បញ្ជាក់ថា វិមានឯករាជ្យ​ខេត្តកំពង់ចាម បានចាប់ផ្តើម​ស្ថាបនា កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ចម្លង​តាម​គំរូ​ប្លង់ វិមានឯករាជ្យ នៅ​រាជធានី​ភ្នំពេញ មាន​កម្ពស់ ២០ ម៉ែត្រ ចំនួន ៥ ជាន់ និង​បំពាក់​ក្បាល​ពស់​នាគ​រាជ្យ ចំនួន ១០០ ៕/V​