ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញ​: ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង របស់​ភាគី​ពាក់ព័ន្ធ និង​សាធារណជន ឱ្យ​កាន់តែ​ទូលំទូលាយ អំពី​វឌ្ឍនភាព ហានិភ័យ​នានា និង​ការអនុវត្ត​គោល នយោបាយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍ ស្ថិរភាព​ហិរញ្ញវត្ថុ ឆ្នាំ​២០២១ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ មិថុនា ២០២២ ក្រោម​អធិបតីភាព លោកស្រី បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ នៃ​កម្ពុជា​។​

​លោកស្រី ជា សិរី បាន​ថ្លែងថាៈ នេះ​ជា​របាយការណ៍ ប្រចាំឆ្នាំ​លើក​ទី​៤ ដែល​ធនាគារជាតិ​នៃ កម្ពុជា បាន​បោះផ្សាយ ដើម្បី​បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ផ្តល់​ជា ទស្សនវិស័យ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ នាពេលខាងមុខ​។​

​លោកស្រី បាន​បន្ដថាៈ ក្នុងនាម​ជា​អាជ្ញាធរ ទទួលបន្ទុក​ចេញ​បទ​ប្បញ្ញត្តិ និង​ត្រួតពិនិត្យ​ប្រព័ន្ធ ធនាគារ​នោះ ធនាគារជាតិ​នៃ​កម្ពុជា បានកំណត់​យក​ការពង្រឹង ស្ថិរភាព​ហិរញ្ញវត្ថុ ជា​គោលដៅ​ចម្បង​មួយ ក្នុង​ស្មារតី​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់ចេញ​វិធានការ ជា​បន្តបន្ទាប់ សំដៅ​រួមចំណែក​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ តាមរយៈ​ការពង្រឹង​សមត្ថភាព​ត្រួតពិនិត្យ និង​ពង្រឹង​បទ​ប្បញ្ញត្តិ ក្នុង​ប្រព័ន្ធ​ធនាគារ នាពេល​កន្លងមក​។​

​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ស្ថិរភាព​ហិរញ្ញវត្ថុ​ដំបូង ក្នុង​ឆ្នាំ​២០១១ ដែលមាន សមាជិក ពី​នាយកដ្ឋាន​ផ្សេងៗ រួមមាន នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ អន្តរជាតិ នាយកដ្ឋាន​ត្រួតពិនិត្យ នាយកដ្ឋាន​ស្ថិតិ និង​នាយកដ្ឋាន​គ្រប់គ្រង​ការប្ដូរ​ប្រាក់​។ ការបង្កើត​ក្រុមការងារ​នេះ​ឡើង ដើម្បី​តាមដាន​ស្ថានភាព វិស័យ​ហិរញ្ញវត្ថុ និង​លើក​ជា​វិធានការ គោលនយោបាយ ចំពោះ​ភាព​ងាយ​រងគ្រោះ ជា​ប្រព័ន្ធ​របស់​វិស័យ​ធនាគារ ដែល​បំពេញបន្ថែម លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការដាក់​បទ​ប្បញ្ញត្តិ និង​ការត្រួតពិនិត្យ​។​

​សមត្ថភាព​ក្រុមការងារ​ស្ថិរភាព​ហិរញ្ញវត្ថុ ត្រូវបាន​ពង្រឹង​ជា​លំដាប់ ហើយ​នៅ​ឆ្នាំ​២០១៧ ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​ការិយាល័យ​ស្ថិរភាព​ហិរញ្ញវត្ថុ ចំណុះឱ្យ​នាយកដ្ឋាន ស្រាវជ្រាវ សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ផ្តោតលើ​ការងារ​ពាក់ព័ន្ធ​នឹង​ស្ថិរភាព ហិរញ្ញវត្ថុ ក្រោយពី​ទទួលបាន​មុខងារ​ភារកិច្ច​ច្បាស់លាស់ ការិយាល័យ​ស្ថិរភាព​ហិរញ្ញវត្ថុ បានចាប់ផ្ដើម​ការងារ​វិភាគ ជា​រៀងរាល់​ត្រីមាស លើ​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ នៅ​កម្ពុជា និង​បានធ្វើ​បទ​បង្ហាញ និង​របាយការណ៍ ជូន​គណៈកម្មាធិការ​ស្ថិរភាព​ហិរញ្ញវត្ថុ នៃ​ធនាគារជាតិ នៃ​កម្ពុជា នៅ​ឆ្នាំ​២០១៩ របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ ត្រូវបាន​បោះផ្សាយ ជា​សាធារណៈ​ជា​លើកដំបូង​។​

​លោកស្រី បានបញ្ជាក់​ថាៈ «​ទោះយ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា មិន​ត្រឹមតែ​ផ្តោតលើ ការចេញផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការរក្សា​ស្ថិរភាព ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផងដែរ ពិសេស​តាមរយៈ​កិច្ចសម្របសម្រួល ជាប្រចាំ ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ នៅ​ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​ស្ថិរភាព ហិរញ្ញវត្ថុ ត្រូវបាន​បង្កើតឡើង ដោយមាន​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​ប្រធាន និង​មាន​អនុប្រធាន ២ រូប គឺ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​»​។​

​សូមជម្រាបថា របាយការណ៍​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ ចាប់តាំងពី​ឆ្នាំ​២០១៩ និង​ត្រូវបាន​ពង្រឹងគុណភាព ស្របតាម​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្តង់ដារ​វិភាគ​អន្តរជាតិ ដោយមាន​ជំនួយ​បច្ចេកទេស​របស់​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ​៕/V​