ដោយ៖ ដេប៉ូ / ក្រចេះ៖ ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការ ជំរឿនសត្វត្មាត ប្រចាំឆ្នាំរបស់ខ្លួន ស្ថិតក្នុងក្របខណ្ឌ នៃការធ្វើជំរឿនប្រចាំឆ្នាំ ដើម្បីតាមដាន លើទិន្នន័យ វត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្ត ក្នុងការការពារ ថែរក្សា និងអភិរក្ស ប្រភេទសត្វស្លាបកម្រនេះ ឱ្យបានគង់វង្ស។

ការធ្វើជំរឿនសត្វដ៏កម្រនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដែលមាន រយៈពេលចំនួន ៥ ដង ជាមួយនឹងខេត្តមួយចំនួន ដែលមានសត្វត្មាត កំពុងរស់នៅ ។

គួរបញ្ជាក់ថា ទីតាំងជំរឿនចំនួន ៤ កន្លែង ត្រូវបានបើក ក្នុងពេលដំណាលគ្នា នាថ្ងៃនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ ក្នុងខេត្តក្រចេះ ។ ទី២-ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ។ ទី៣-ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និង ទី៤-ដែនជម្រក សត្វព្រៃស្រែពក នៅក្នុងខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមការធ្វើជំរឿន សត្វត្មាតលើកទី៣ ប្រចាំឆ្នាំ២០២២ នេះ នៅតំបន់ដែនជម្រកសត្វព្រៃសម្បូរ ដោយមានការអញ្ជើញចូលរួមពី តំណាងអង្គការ WWF និងអង្គការអភិរក្សអន្តរជាតិ CI ។ ទិន្នន័យរួមចុងក្រោយមួយ នឹងត្រូវបូកសរុប បន្ទាប់ពីប្រមូលបានទិន្នន័យ ពីទីតាំងជំរឿននានា។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាៈ ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពី ការវិវត្តនៃចំនួនសត្វត្មាត នៅកម្ពុជា ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង និងដាក់ចុះវិធានការ ផ្សេងៗ ក្នុងបំណងការពារឱ្យបាន នូវប្រភេទសត្វដ៏កម្រនេះ។

លោក រដ្ឋលេខាធិការ បានថ្លែងថាៈ ទិន្នន័យជំរឿនសត្វត្មាត កាលពីឆ្នាំ២០២១ កន្លងទៅ បង្ហាញថា សត្វត្មាត៣ ប្រភេទដែលមាននៅប្រទេសកម្ពុជា គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតកសផេះ មានវត្តមានសរុប ចំនួន ១២១ ក្បាល នៅក្នុងអាហារដ្ឋានត្មាត ចំនួន ៤ កន្លែង នៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះ មានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាត ដោយអាហារដ្ឋានត្មាត នៅដែនជម្រកសត្វព្រៃសំបូរ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ កាលពីឆ្នាំ២០២១ កន្លងទៅ មានចំនួន ៤១ ក្បាល និងបានបង្ហាញថា ចំនួនសត្វត្មាត សរុបទាំង ៣ ប្រភេទ បញ្ចូលគ្នា បានកើនឡើងទ្វេដង សម្រាប់តំបន់នេះ ពោលគឺ ពីចំនួន ២០ ក្បាល ដល់ចំនួន ៤១ ក្បាល សម្រាប់ចន្លោះចុងខែមិថុនា ដល់ចុងខែសីហាឆ្នាំ២០២១ កន្លងទៅ។

លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថាៈ កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតទាំងនេះ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះ ពាក់កណ្តាល ក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក។

ដើម្បីការពារ និងអភិរក្សសត្វត្មាត ឱ្យបានគង់វង្ស សកម្មភាពសិក្សាស្រាវជ្រាវ និងអភិរក្ស សត្វត្មាត នៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០០៤ ដែលនៅពេលនោះ ចំនួនសត្វត្មាត ដែលបានកត់ត្រា ពេលធ្វើជំរឿន មានចំនួន ១៦២ ក្បាល ដែលជាទិន្នន័យធ្វើ ជំរឿន លើកដំបូង។ ទិន្នន័យជំរឿនឆ្នាំ ២០១០ ចំនួនសត្វត្មាតបានកើនដល់ ២៨៩ ក្បាល។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ចំនួនសត្វត្មាត មានការថយចុះ គួរឱ្យបារម្ភ។
ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំង ៣ ប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ ក្បាល។ ដោយឡែក ចំនួនសម្បុក ដែលបានរកឃើញ និងការពារ ក៏មានការធ្លាក់ចុះ ពី ២៧ សម្បុក នៅក្នុងឆ្នាំ ២០១៥ មកសល់ត្រឹម ១៤ សម្បុក ក្នុងឆ្នាំ២០២១។ សត្វត្មាតទាំង ៣ ប្រភេទនេះ សុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហម នៃអង្គការ IUCN ។

លោក អៀម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះ របស់អង្គការ WWF បានថ្លែងថាៈ ជំរឿនសត្វត្មាតប្រចាំឆ្នាំ គឺធ្វើឡើងចំនួន ៥ ដង គឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ ខែមិថុនា ត្រូវធ្វើជំរឿន ២ ដង ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ដោយសារតែរដូវពងកូន និងញាស់របស់សត្វត្មាត គឺនៅអំឡុងខែមេសា និងខែឧសភា។

លោក អៀម សំអ៊ន់ បានកត់សម្គាល់ថាៈ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសត្វត្មាត មានចំនួនថេរ និងមិនទាន់មានសញ្ញា នៃការកើនឡើងច្រើននៅឡើយ ហើយសកម្មភាព នៃការអភិរក្សសត្វត្មាតនេះ ត្រូវបន្ត ដើម្បីការពារប្រភេទសត្វស្លាបកម្រនេះឱ្យ បាន។

លោកបានបន្តថាៈ មានបញ្ហាប្រឈមជាច្រើន ក្នុងការអភិរក្សសត្វត្មាត ក្នុងនោះ កត្តាចំណីអាហារ ដែលបច្ចុប្បន្ន មានការកាត់បន្ថយ ដោយសារតែចំនួនសត្វព្រៃ និងសត្វស្រុក ដែលស្លាប់ក្នុងព្រៃ កាន់តែថយ ដែលតម្រូវឱ្យក្រុមការងារអភិរក្ស ត្រូវផ្តល់ចំណីបន្ថែម ជាប្រចាំខែ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានថ្លែងថាៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ តំបន់ដែនជម្រកសត្វព្រៃសម្បូណ៌ មានវត្តមានសត្វត្មាត ចុះមក នារដូវវស្សា និងសន្និដ្ឋានថា តំបន់នេះ ដែលស្ថិតក្រោមការអភិរក្ស ការពារ និងតាមដានជាប្រចាំ មានសុវត្ថិភាព សម្រាប់ពួកសត្វត្មាត រស់នៅ ទើបពួកគេ បានមករស់នៅតំបន់នេះ។

លោកបានថ្លែងថាៈ តាមរយៈការផ្តល់ចំណីបន្ថែមនេះ បានធ្វើឱ្យទីតាំង នៅដែនជម្រកសត្វព្រៃ សម្បូណ៌ កាន់តែមានការទាក់ទាញ សត្វត្មាតបន្ថែមទៀត។

សួមបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វត្មាត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាៈ ស្ថានភាពសត្វត្មាតកម្ពុជា មានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារបន្ថែមទៀត។ ជាមួយ លទ្ធផលរាប់បាន នៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាត នៅដែនជម្រកសត្វ ព្រៃសំបូរ មានការកើនឡើង នូវចំនួនសត្វត្មាត គួរឱ្យកត់សម្គាល់។

លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរ ចំពោះក្រុមការងារស្រាវជ្រាវ នៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជា មន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញ ភារកិច្ចរបស់ខ្លួន នៅតាមតំបន់ការពារធម្មជាតិ នានា ដើម្បីការពារ និងអភិរក្សទីជម្រកធម្មជាតិ នៃដែនជម្រកសត្វព្រៃ ដែលមានវត្តមាន សត្វត្មាត៕/V-PC