បេសកជន​អង្គការសហប្រជាជាតិ​៖ មី​យ៉ាន់​ម៉ា​នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នា​នៃ​ការគាបសង្កត់​ដូច​របប​ដឹកនាំ​ដោយ​យោធា​

1220
ចែករម្លែក

​បេសកជន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មី​យ៉ាន់​ម៉ា​នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នា​ដើម្បី​បំបិទមាត់​ប្រជាជន​របស់ខ្លួន ដូច​អតីត​របប​ដឹកនាំ​ដោយ​យោធា ដោយ​ជំរុញ​រដ្ឋាភិបាល​នេះ ឱ្យ​អនុញ្ញាត​អង្គការសហប្រជាជាតិ​ធ្វើការ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​អំពី​ការ​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ខែតុលា​ដើម្បី​រត់គេច​ពី​ការបង្ក្រាប​ដ៏​បង្ហូរឈាម​ដោយ​កងសន្តិសុខ ដោយ​តាម​ការចោទប្រកាន់ថា កងសន្តិសុខ​បាន​ប្រព្រឹត្ត​អំពើ​កាប់សម្លាប់ ចាប់រំលោភ និង​ដុតបំផ្លាញ ។

​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ មានការ​ព្រួយបារម្ភ​ថា កងទ័ព​បាន​ប្រើប្រាស់​ប្រតិបត្តិការ​បោសសម្អាត ដែល​ធ្វើឡើង​ដើម្បី​ស្វែងរក​ក្រុម​ជន​សកម្មប្រយុទ្ធ ដែល​បាន​វាយប្រហារ​លើ​ប៉ូលិស​កាលពីពេល​កន្លង​ទៅ ដោយ​ធ្វើជា​ការបិទបាំង​ចំពោះ​អំពើ​បោសសម្អាត​ជនជាតិភាគតិច​ដែល​ត្រូវបាន​គាបសង្កត់​។

​រដ្ឋាភិបាល​នេះ បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ប៉ុន្តែ មិន​ព្រម​អនុញ្ញាតឱ្យ​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ ធ្វើការ​ស៊ើបអង្កេត​ទេ និង បាន​បដិសេធ​ការចេញចូល​របស់​ក្រុមអ្នកកាសែត​អន្តរជាតិ​ឬ​បុគ្គលិក​សិទ្ធិមនុស្ស​ផងដែរ​។​

​លោកស្រី យ៉ាង​ហ៊ី លី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​ជំរុញ​រដ្ឋាភិបាល​នេះ​ឱ្យ​អនុញ្ញាត​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​នេះ​ចូលមក ដោយ​និយាយថា លោកស្រី នៅតែ​ទទួលបាន​របាយការណ៍​ធ​អំពី​ការរំលោភបំពាន​ដោយ​កងកម្លាំង​សន្តិសុខ​មកពី​រដ្ឋ​រ៉ា​ឃី​ន ។​

​លោកស្រី ក៏បាន​និយាយ​ផងដែរ​ថា ប៉ូលិស និង​កងទ័ព គឺ​នៅតែ​ព្យាយាម​បំភិតបំភ័យ​និង​ធ្វើ​ទុក​បុក​ម្នេញ​ដល់​អ្នក​ទាំងឡាយណា​ដែល​និយាយ​ប្រឆាំង​អំពី​ការរំលោភបំពាន​សិទ្ធិ ដោយ​ធ្វើការ​គាបសង្កត់​
​ដូចគ្នា​ទៅនឹង​អ្វីដែល​ពួកគេ​បានធ្វើ​នៅក្រោម​របប​ដឹកនាំ​ដោយ​យោធា​៕ ដោយ៖ សុខា

​លោកស្រី យ៉ាង​ហ៊ី លី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម