ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ល្ងាច ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ បានធ្វើ​កម្មវិធី បើកប្រាក់ របប​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ចំពោះ​ជនពិការ​ក្រីក្រ ក្នុង​បរិបទ រង​ផលប៉ះពាល់​កូ​វីដ​-១៩ ចំនួន ១២៧ គ្រួសារ លើ ៤៥៣ គ្រួសារ មកពី​៦​ភូមិ នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។​

​លោក ខាំ ស ចៅសង្កាត់​ទឹកថ្លា បានឱ្យដឹងថា​: ការបើកប្រាក់​របប​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ចំពោះ​ជនពិការ​ក្រីក្រ ក្នុង​បរិបទ​រង​ផលប៉ះពាល់​កូ​វីដ​-១៩ នៅ​សង្កាត់​លលក គឺ​ធ្វើជា​លើកដំបូង​ហើយ ក្នុង​ខេត្ត​។ ជំហាន​នេះ បើក​ជូន​ចំនួន ១២៧ គ្រួសារ លើ​ចំនួន​ជន ពិការ​ក្រីក្រ​ទាំងអស់ ចំនួន ៤៥៣ គ្រួសារ នៅ​ទាំង​៦​ភូមិ នៃ​សង្កាត់​ទឹកថ្លា​។ របប​ទទួលបាន​គឺ ២០.០០០ រៀល ក្នុង​១​នាក់ (​ជនពិការ​) ។​

​លោក ឆាវ រ៉ាត់ អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​បន្ទាយ មានជ័យ ដែល​រៀបចំ​កម្មវិធី​នេះ បានឱ្យដឹងថា​: មានកម្ម​វិធី​ថ្មី ៣ ដែល​រាជរដ្ឋាភិបាល តាមរយ​: ក្រសួង មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ចែក​ប្រាក់​គោល​របប ជនពិការ​ក្រីក្រ ក្នុងនោះ​គឺៈ

ទី​១ -​កម្មវិធី​អត្តសញ្ញាណ​កម្ម​ជនពិការ​ភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន ដែល​ប្រើប្រាស ប្រព័ន្ធ DMIS ។ ក្នុងនោះ ជនពិការ ក្រីក្រ​ដែល​ឃុំ សង្កាត់ បញ្ជូន​ទិន្នន័យ​មក ក្នុង​ខេត្ត​មាន ១៤.៤៣៨ នាក់​។ មន្ទីរ​បញ្ជូនទៅ​ក្រសួង ពិនិត្យ​ចំនួន ១៤.៤២៤ នាក់ និង​ត្រ​វ​បញ្ជូនទៅ​ក្រសួង ហើយ​ត្រូវបាន​អនុម័ត​បន្ត ចំនួន ៨.៣១៥ នាក់ ។​

​ទី​២-​ការងារ​មូល​និ​ធី​ជនពិការ ។ ក្នុងនោះ ៦​ខែ​ឆ្នាំនេះ សាខា​មូលនិធិ​ជនពិការ ការប្រមូលប្រាក់ ហិប និង​ទទួល​កញ្ចប់​ជំនួយ ពី​ថ្នាក់កណ្តាល សរុប​បាន​ជាង ១៤ លាន​រៀល និង​សង់ផ្ទះ ១​ខ្នង នៅ​ស្រុក​ថ្មពួក ។ ទី​៣-​ការងារ​របប​ឧបត្ថម្ភ​ជន​មាន​ពិការភាព បានធ្វើ​លើកដំបូង នៅ​ក្រុង​សិរីសោភ័ណ និង​បន្ត​ត្រៀម​ធ្វើ នៅ​ស្រុក​មង្គល​បូរី​ទៀត ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សាទរ​ចំពោះ​បងប្អូន​ជនពិការ​ក្រីក្រ ដែល​ទទួលបាន​របប​គោលនយោបាយ​សង្គមកិច្ច​នេះ ហើយ​លោក បានបញ្ជាក់​ថាៈ របប​គោលនយោបាយ​ឧបត្ថម្ភ​នេះ អាច​ទទួលបាន​រហូត ព្រោះ​ជា​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​៕/V​